ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារខេត្ត ដោយមានការចូលរួមពីមន្ទីររ៉ែ និងថាមពលខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំង ចុះពិនិត្យទីតាំងដែលមានជម្រៅទឹកជ្រៅលើទីតាំងលិខិតលេខ ២៤៥២ រថ.អ.ខ.ស ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ របស់ក្រសួងរ៉ែ និងថាមពល ដែលអនុញ្ញាតជាគោលការណ៍ឲ្យរដ្ឋបាលខេត្តកណ្ដាល ធ្វើការបូមស្ដារនៅតាមដងទន្លេបាសាក់ ចាប់ពីព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្ដាល ដល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីសម្រួលចរន្តទឹក និងនាចរណ៍ធ្វើដំណើរ។

សូមបញ្ជាក់ថា កាលជិត១០ឆ្នាំមុន ក្រោមរូបភាពស្តារទន្លេ មានកប៉ាលជាច្រើនគ្រឿងបានចូលមកដឹកខ្សាច់ តាមទន្លេមេគង្គ និងទន្លេបាសាក់ យកទៅប្រទេសវៀតណាម រហូតធ្លាយដល់ប្រទេសសិង្ហបុរី ទៀតផង បណ្តាលឲ្យមានការបាក់ច្រាំងទន្លេជាច្រើនកន្លែង លុះពេលប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ នាំគ្នាតវ៉ាខ្លាំងពេក ទើបរដ្ឋាភិបាលបានបិទការបូមខ្សាច់ស្តារទន្លេនោះជាច្រើនឆ្នាំមកហើយ តែឥឡូវនេះ នៅសុខៗអាជ្ញាធរខេត្តកណ្តាល នាំគ្នាស្តារទន្លេទៀតហើយ ប្រយ័ត្នពេលបាក់ច្រាំង ពលរដ្ឋនាំគ្នាតវ៉ាទៀត កុំថាប្រជាពលរដ្ឋខូច៕