បរទេស៖  ម្ចាស់ហាងមឈូសមួយបានកែប្រែមឈូសទៅជាទូសម្រាប់ដាក់ស្បៀងអាហារ សម្រាប់សប្បុរសជននានានាំយករបស់របរមកបំពេញ និងអនុញ្ញាតឱ្យអ្នកដែលក្រីក្រមានបញ្ហាខ្វះខាតចូលមកយកអាហារ រួមទាំងការបង្កើតការកម្សាន្តសម្រាប់អ្នកដែលបានឆ្លងកាត់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

លោក Natwat Saengdao ជាម្ចាស់ហាងមឈូសនៅតំបន់ Bang Khamot Intersection ស្រុកBan Mo ខេត្ត Saraburi ប្រទេសថៃ បានបង្ហើបថា លោកបាននាំមឈូសថ្មីមួយមកបង្កើតជា”ទូដើម្បីចែករំលែកសុភមង្គល” ដោយសប្បុរសជនមកពីទីជិតឆ្ងាយ អាចនាំយកអាហារស្ងួត ផ្លែឈើ និងចំណីអាហារផ្សេងៗមកដាក់ក្នុងទូ ដើម្បីរៀបចំចែកជូនដល់សាធារណជនដែលខ្វះខាតនៅក្នុងអំឡុងពេល COVID-19 មិនត្រឹមតែប៉ុណ្ណោះ​មានមន្ត្រីសុខាភិបាលក្នុងភូមិមកផ្តល់សេវាវាស់សីតុណ្ហភាព មានជែលលាងដៃ សម្រាប់មនុស្សដែលមកដើម្បីផ្តល់ឱ្យ  ហើយការរក្សាគម្លាតត្រូវតែមានចន្លោះ។

ក្រៅពីអាហារ ក៏មានក្មេងស្រីរាំនៅពីមុខទូ ដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណៈជន ហើយសង្កេតឃើញថាមានមនុស្សជាច្រើនបានមកទទួលអាហារដែលទូធំនោះ កម្មវិធីនេះនឹងបើក២៤ម៉ោង ក្នុងមួយថ្ងៃ អ្នកសប្បុរសជនណាម្នាក់អាចយករបស់របរមកដាក់ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ Covid-19 ជាមួយគ្នា ៕