បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បាននិយាយថា មនុស្សជាង១៥ ០០០នាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែការរាតត្បាតវីរុស COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ។

មន្ត្រីសុខាភិបាលរបស់ប្រទេសនេះបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៨១៦នាក់កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបបានកើនដល់ចំនួន១៥ ៦៣៣ នាក់។

ចំនួនករណីដែលត្រូវបានរកឃើញនៅប្រេស៊ីល នៅតែបន្តកើនឡើង។ ក្រសួងបាននិយាយថា មានករណីឆ្លងវីរុសនេះចំនួន២៣៣ ១៤២ករណីនៅក្នុងប្រទេស និង ១៤ ៩១៩ករណីថ្មី ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ ម៉ោងរវាងថ្ងៃសុក្រ និងថ្ងៃសៅរ៍។

ប្រទេសប្រេស៊ីលមានករណី Covid-19 ខ្ពស់ជាងគេទីបួននៅលើពិភពលោកនេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។ ប្រទេសដែលកំពុងមានករណីឆ្លងច្រើនបំផុតមានដូចជា សហរដ្ឋអាមេរិក (ជាង ១,៤ លាននាក់) រុស្ស៊ី (២៧ម៉ឺននាក់) ចក្រភពអង់គ្លេស (២៤ម៉ឺននាក់) ប្រេស៊ីល (២៣,៣ម៉ឺននាក់) និងអេស្ប៉ាញ (២៣ម៉ឺននាក់) ផងដែរ៕