បរទេស៖​ ទីបំផុតសហរដ្ឋអាមេរិច បានសម្រេចជ្រើសរើសប្រទេស​ឥណ្ឌូនេស៊ី ដែលជាប្រទេសស្ថិតនៅក្នុងអាស៊ីអាគ្នេយ៍ ដើម្បីធ្វើជាគោលដៅតែមួយគត់ផ្លាស់ទីរោងចក្ររបស់ខ្លួនចេញពីប្រទេសចិន មកដាក់នៅក្នុងប្រទេស​ឥណ្ឌូនេស៊ីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

រឿងនេះបានចាប់ផ្តើមនៅពេលដែលរដ្ឋមន្រ្តីក្រសួងវិនិយោគ លោក Luhut Binsar Pandjaitan  បាននិយាយអំពីការសន្ទនាការសម្ងាត់រវាងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិក ដើម្បីធានាថាការផ្លាស់ប្តូរទីលំនៅទាំងអស់ត្រូវបានកាន់កាប់ដោយប្រទេសឥណ្ឌូនេស៊ី។

ជាមួយគ្នានេះដែរ​ ​លោក​ដូណាល់ ត្រាំ ក៏បាន​សម្រេច​ចិត្ត​ផ្លាស់​ទី​រោងចក្រ​ចំនួន២៧​កន្លែង​ ​ក្នុង​ប្រទេស​ចិន ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​វិញ។ ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើ​ងក្រោយ​ពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ទាំង​ពីរ កាន់​តែ​កើនឡើង​កម្ដៅ​ថែម​ទៀត។ មិនត្រឹមតែប៉ុណ្ណោះលោក Joko Widodo​ បានពិភាក្សាជាមួយលោក ដូណាល់ ត្រាំ អំពីឱកាសវិនិយោគក្នុងវិស័យឱសថនៅឥណ្ឌូនេស៊ី ព្រោះថា ៩០% នៃវត្ថុធាតុដើមឱសថត្រូវតែនាំចូល។

គួរជម្រាបដែរថា ក្រៅពី​នេះ ក្រុមហ៊ុន​អ៊ីរ៉ុប និង​ជប៉ុន​ អូស្រ្ដាលីជា​ច្រើន ក៏​កំពុង​ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​ចាកចេញ​ពី​ប្រទស​ចិន ដើម្បី​កាត់​បន្ថយ​សង្វាក់​ផ្គត់ផ្គង់​របស់​ពិភពលោក​មក​ពី​ប្រទេស​ចិន ដូចគ្នាក្រោមហេតុផលដែលពួកគេសង្ស័យថាការចាកចេញមួយនេះគឺបណ្ដាលមកពីឥទ្ធិពលវីរុស COVID-19​ ៕