ភ្នំពេញ៖ ថ្មីៗនេះ អ្នកនាងម៉េង កែវពេជ្ជតា តារាចម្រៀងស្រីល្បីឈ្មោះ បានLiveវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក បើកកកាយអំពីជីវិតជូរចត់កាលពេលរស់នៅជួបជុំគ្នាជាមួយអតីតស្វាមី គឺលោកឧត្តមសេនីយ៍ឯក មួង ឃីម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ថ្ងៃបុណ្យអ្នកម្តាយកាលពីដើមសប្តាហ៍នេះ អ្នកនាង ម៉េង កែវពេជ្ជតា បានLiveវីដេអូ រៀបរាប់ពីការប្រឹងប្រែង តស៊ូក្នុងឆាកជីវិត ដើម្បីកូនប្រុសស្រី ក្រោយលែងលះស្វាមី។
ពេលLiveវីដេអូនោះ មានគណនីហ្វេសប៊ុកមួយបានចូលទៅComment សួរអំពីរឿងប្រាក់ដែលនាងបានទទួលក្រោយការលែងលះគ្នានោះ ធ្វើឲ្យនាងក្ដៅចុងច្រមុះ ក៍ចាប់ផ្តើមបើកកកាយរឿងជូរចត់របស់នាងនៅពេលរួមរស់ជាមួយស្វាមី និងក្រោយពេលលែងលះគ្នា។

នាងបានលើកឡើងពីការដែលត្រូវក្លាយខ្លួនជាភរិយា និងរងនូវភារៈមើលការខុសត្រូវជាច្រើន ក្រោយពេលរួមរស់ជាមួយអតីតស្វាមី រហូតជួបរឿងរកាំរកូស ការមើលងាយ ជេប្រមាថ ការវាយដំ ការរំលោភសិទ្ធិសេរីភាព ការបង្ខូចកិត្តិយស និងទម្លាក់កំហុសជាច្រើនបន្តបន្ទាប់ រហូតលែងលះគ្នា ដែលទីបំផុត នាងទទួលបានត្រឹមតែការមើលថែកូនទាំងពីរ និងមិនទទួលបានទ្រព្យសម្បត្តិដែលប្រឹងប្រែងរកបានរួមគ្នានោះសោះ។

អ្នកនាង ម៉េង កែវពេជ្ជតា បានថ្លែងថា អតីតស្វាមីនៅតែចិញ្ចឹមចិត្តព្យាបាទនាង និងមិនបានបំពេញតួនាទីជាឪពុកគឺមានតែការរំខាន និងរារាំងមិនឲ្យកូនចេញទៅរៀននៅបរទេសជាដើម។ ទោះមានឈ្មោះជាស្រ្តីមេម៉ាយក្តី ប៉ុន្តែនាងមើលថែរកូនប្រុសស្រីរបស់នាងបានយ៉ាងល្អ។

នៅក្នុងវីដេអូឡាយចំនួន ៣ឃ្លីប ដែលមានរយៈពេលជាច្រើនម៉ោងនោះ អ្នកនាង ម៉េង កែវពេជ្ជតា សង្កត់ហើយសង្កត់ទៀតទៅលើចំនុចត្រង់ថា ប្ដីប្រពន្ធឈ្លោះប្រកែកគ្នា ជេរគ្នា ហេតុអ្វីក៏ត្រូវបញ្ចេញសំឡេងរបស់នាងដែលត្រូវអតីតស្វាមីលួចថត តែភាគីអ្នកនាងម្ខាង ឱ្យពិភពលោកបានស្ដាប់អ៊ីចឹង ហើយចុះសំឡេងអតីតប្ដីដែលជេរនាងក្ដែងៗ ម៉េចមិនបញ្ចេញសំឡេងមកក្រៅផង វាហាក់បីដូចជាអយុត្តិធម៌ពេកចំពោះនាងពេកហើយ ដែលកន្លងមកខិតខំថែរក្សាកិត្តិយសឱ្យប្ដីអស់ជាច្រើនឆ្នាំ ទាំងបិទមាត់សង្កត់ចិត្ត។

អ្នកនាង ម៉េង កែវពេជ្ជតា បានឌឺដងទៅកាន់លោក មួង ឃីម ជាអតីតស្វាមីថា ប្រពន្ធថ្មីក្រោយដែលលោក មួង ឃីម បានមកនោះ គឺសមនឹងទទួលកម្មពារពីនាងហើយ ។ ភាពវេទនារបស់នាងនិងកូនៗ គឺមានច្រើនណាស់ក្នុងរយៈ១០ឆ្នាំមកនេះ។
តារាស្រីរូបនេះបកស្រាយពីការលេចឮពាក្យចចាមអារ៉ាមថា នាងមានទំនាក់ទំនងស្នេហាជាមួយប្រុសផ្សេងនោះ គឺគ្រាន់តែជាការចោទប្រកាន់របស់លោក មួង ឃីម ប៉ុណ្ណោះ៕