ភ្នំពេញ៖ លោកស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលត្រូវតុលាការផ្ដន្ទាទោសដាក់គុក ៥ឆ្នាំពេញនោះ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លើកលែងទោសហើយ ។

កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ២០១៨ តុលការកំពូល បានសម្រេច តម្កល់សាលដីការបស់សាលាឧទ្ទរណ៍ រក្សាទុកជាបានការដដែល និងផ្តន្ទាទោសជាប់ចោទឈ្មោះ ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ពាក់ព័ន្ធរឿងពុករលួយជាច្រើនសំណុំរឿងនោះ ដាក់គុកកំណត់ ៥ឆ្នាំពេញ និងពិន័យជាប្រាក់សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ចំនួន១០លានរៀល ( ប្រមាណ២៥០០ដុល្លារអាមេរិក) ។

ឈ្មោះ ស៊ុត ឌីណា ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) កាលពីព្រឹកថ្ងៃច័ន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធរឿងពុករលួយជាច្រើនសំណុំរឿង ប្រព្រឹត្តនៅក្នុង អគ្គរាជទូតកម្ពុជានៅប្រទេសកូរ៉េខាងត្បូង។

គួររំឮកថា៖ លោក ស៊ុត ឌីណា គឺជាអតីតប្រធានរណសិរ្សជនជាតិខ្មែរ និង ជាប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ ដែលមាននិន្ទាការប្រឆាំងយ៉ាងផ្កាប់មុខនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា។ ក៏ប៉ុន្តែស្ងាត់ៗ និង ក្រោយមក លោក ស៊ុត ឌីណា បានចុះចូលជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានផ្តល់តួនាទីធំ ជាបន្តបន្ទាប់ រហូតចុងក្រោយ បានក្លាយជាឯកអគ្គរាជទូតកម្ពុជា នៅកូរ៉េខាងត្បូង៕