ភ្នំពេញ៖ ចុងក្រោយនេះ ពិធីការិនីល្បីឈ្មោះ អ្នកនាង កែវ ចាន់និមល ដៃគូដ៏ស័ក្តិសមជាមួយ លោក ជា វិបុល លែងឃើញបង្ហាញវត្តមានក្នុងកម្មវិធីជាមួយគ្នាដូចមុនៗទៀតហើយ គឺឃើញមានតែលោក ជា វិបុល ចាប់ដៃគូថ្មីជាមួយពិធីការិនី ថន លក្ខិណា, ប៉ែន ស្រីពេជ្រ ឬភរិយារបស់លោក គឺអ្នកនាង គង់ សុជាតិ តែប៉ុណ្ណោះ សង្ស័យផ្ទុះរឿងអាស្រូវស្នេហាលួចលាក់! ។

យោងតាមប្រភពមួយ ដែលជិតស្និទ្ធនឹងអ្នកនាង កែវ ចាន់និមល បានលើកឡើងថា មូលហេតុដែលនាងបាត់វត្តមានពីកម្មវិធីល្បីៗនៅទូរទស្សន៍ហង្សមាស អាចមានរឿងពាក់ព័ន្ធជាមួយលោក ជា វិបុល ដោយសារកន្លងមកអ្នកទាំងពីរធ្លាប់មានរឿងអាស្រូវស្នេហាលួចលាក់ ក្នុងឱកាសចេញទៅសម្ដែងនៅតាមខេត្តឆ្ងាយៗជាមួយគ្នា។

រយៈពេលជិត២ឆ្នាំមុន គឺមុនពេលដែលអ្នកនាង គង់ សុជាតិ មកបំពេញការងារនៅទូរទស្សន៍ហង្សមាស ជាមួយស្វាមី មានការលេចឮថាពិធីការិនី កែវ ចាន់និមល និងពិធីករ លោក ជា វិបុល មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នា ប៉ុន្តែភ្លាមៗពួកគេទាំង២ បានច្រានចោលដំណឹងដ៏អាស្រូវនេះ ព្រោះពួកគេទាំង២ សុទ្ធតែមានប្តី មានប្រពន្ធរៀងៗខ្លួន ហើយពេលនោះ កែវ ចាន់និមល ក៏ខឹងសម្បារព័ត៌មានដែលបានចេញផ្សាយនោះទៀតផង។

តែពេលនេះ ស្រាប់តែបាត់វត្តមានពិធីការិនី កែវ ចាន់និមល ពីកម្មវិធីល្បីៗនៅទូរទស្សន៍ហង្សមាស បែរជាឃើញពិធីការិនី ថន លក្ខិណា, ប៉ែន ស្រីពេជ្រ ឬភរិយារបស់លោក គឺអ្នកនាង គង់ សុជាតិ ចាប់ដៃគ្នាជាមួយលោក ជា វិបុល ទៅវិញ។
ចំណែកពិធីការិនី កែវ ចាន់និមល វិញ ក៍ឮដំណឹងថា ដោយសារតែផ្ទុះរឿងអាស្រូវស្នេហាម្ដងជាពីរដង ជាមួយលោក ជា វិបុល ទើបធ្វើឲ្យនាងបាត់បង់កម្មវិធីធំៗ ជាពិសេសលេចឮថា និមល ចេញទៅអាមេរិកមួយរយៈ ដើម្បីបំបាត់អារម្មណ៍តប់ប្រមល់ថែមទៀតផង៕