ភ្នំពេញ៖  កោះ​ស្មាច់ ​គឺ​ជា​កោះ​ដាច់​ស្រយាល​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​ត្រូវ​ចំណាយ​ពេល​ ២០​-៣០​ នាទី​ដើម្បី​ធ្វើ​ដំណើរ​ពី​កោះ​ស្តេច​ទៅ​កាន់​ទីនោះ​តាម​រយៈ​ទូក​។​ ចំណុច​ពិសេស​របស់​កោះ​នេះ​គឺ​ថា​វា​សឹង​តែ​គ្មាន​មនុស្ស​រស់​នៅ​ ខុស​ពី​កោះ​ស្តេច​ដែល​មាន​សហគមន៍​ធំ​មួយ​នៅ​ទី​នោះ​។

ដើម្បីធ្វើដំណើរទៅដល់ទីតាំងរមណីយដ្ឋានកោះស្មាច់ ភ្ញៀវទេសចរណ៌ត្រូវដំណើរដោយជិះទូក។ ចំពោះរថយន្ដវិញ ភ្ញៀវទេសចរមិនអាចធ្វើការចុះចតនៅរមណីយដ្ឋានកោះស្មាច់បានទេ។ បច្ចុប្បន្នកោះស្មាច់ មានភ្ញៀវទេសចរណ៌ជាច្រើនបាននាំគ្នាទៅធ្វើដំណើរទៅកម្សាន្ដជាហូរហែរ ហើយម្យ៉ាងទៀតដោយ​សារ​តែ​ភាព​ដាច់​សង្វែង​ និង​មិន​សូវ​មាន​មនុស្ស​រស់​នៅ​ធ្វើ​ឲ្យ​កោះ​នេះ​រក្សា​បាន​ភាព​បរិសុទ្ធ​របស់​វា​ស្ទើ​តែ​ទាំង​ស្រុង​។

ភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្ដ ជ្រមុជទឹកមើលផ្កាថ្ម ស្ទូចត្រី បោះតង់គេងសម្រាក បានជាមួយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល វា​បង្កប់​ជា​មួយ​ទេសភាព​ព្រៃ​ពណ៌​បៃតង​ខ្ចី​ រំ​លេច​ដោយ​ផ្ទៃ​សមុទ្រ​ពណ៌​​ខៀវ​ស្រងាត់​ និង​អម​ដោយ​ទេស​ភាព​កោះ​ផ្សេង​ៗ​នោះ​ជុំវិញ​ពេល​យើង​សម្លឹង​មើល​ទៅ​ផ្ទៃ​មហា​សមុទ្រ​ ធ្វើ​ឲ្យ​អ្នក​ទៅ​ដល់​បាត់​អស់​អារម្មណ៍​ហ្មងសៅ​ ធានាថាបើបងប្អូនណាទៅដល់ទីនោះនឹងរំសាយទុក្ខស្បើយបានមួយច្រើន ព្រមទាំងបានទទួលនូវអ្វីស្រស់ស្រាយពីធម្មជាតិទៀតផង ៕