បើ​តាម​សម្តី​របស់​អ្នកគ្រប់គ្រង​អង្គការ NASA គឺ​លោក Jim Bridenstine បាន​ថ្លែង​ថា អង្គការ NASA នឹង​សហការ​ជាមួយ​តារា​សម្តែង​លោក Tom Cruise ដើម្បី​ថត​រឿង​នៅ​ក្នុង​លំហ ។ គម្រោង​នៃ​ការ​ថត​រឿង​នេះ​នៅ​មិន​ទាន់​បាន​បង្ហាញ​លម្អិត​នៅឡើយ​នោះ​ទេ ប៉ុន្តែ​លោក Bridenstine បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្សែភាពយន្ត​ថ្មី​នេះ​នឹង​ថត​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​របស់ The Verge ដែល​បាន​ដកស្រង់​ចេញផ្សាយ ។

លោក Bridenstine មិន​បាន​បញ្ជាក់​ពី​ដំណើរ​ផ្សងព្រេង​របស់​តារា​សម្តែង Tom Cruise ក្នុង​ការ​ថត​ខ្សែភាពយន្ត​ថ្មី​នេះ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​របស់​អង្គការ​ណា​សាបាន​បញ្ជាក់​ប្រាប់ CNN ថា Cruise នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​អវកាស ដោយ​ត្រូវ​ស្ថិត​នៅ​លើ​នាវា ISS ។

ព័ត៌មាន​ដែល​លេចឮ​រវាង Cruise និង NASA សហការ​គ្នា​ក្នុង​ការ​ថត​ខ្សែភាពយន្ត​ថ្មី​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​លើក​ដំបូង​ដោយសារ​ព័ត៌មាន Deadline ។ ការ​ចុះ​ផ្សាយ​របស់ Deadline បាន​និយាយ​ថា លោក Cruise កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន SpaceX ដើម្បី​ថត​ខ្សែភាពយន្ត​នេះ ។

នៅ​ភ្នាក់ងារ​សារព័ត៌មាន​ស្នើ​សុំ​ការ​អត្ថាធិប្បាយ NASA បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ ដោយ​អ្នកនាំពាក្យ​អង្គការ NASA បាន​ប្រាប់ The Verge ថា «​យើង​នឹង​និយាយ​បន្ថែម​ទៀត​អំពី​គម្រោង​នេះ​នៅ​ពេលវេលា​សម​ស្រប​មក​ដល់ ។ ប៉ុន្មាន​ម៉ោង​ក្រោយមក​លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SpaceX បាន​សរសេរ​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​គួរ​ជាទី​រីករាយ​ណាស់ !» ៕

ប្រភព ៖ The Verge