ខេត្តឧត្តរមានជ័យ៖ មន្ដ្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធយោធាដូចគ្នា រួចស្ពាយជាមួយកាំភ្លើង និងគ្រាប់១២០គ្រាប់រត់គេចខ្លួន ហើយបានបាញ់តដៃជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប។ ក្នុងស្ថានភាពបែបនេះ សមត្ថកិច្ចបានសម្រេចបាញ់ការពារខ្លួនវិញ បណ្ដាលឲ្យមន្រ្តីយោធានោះ ស្លាប់នៅនឹងកន្លែង ក្បែរបន្ទាយកើតហេតុហើយ ។

នេះបើតាមការឲ្យដឹងពីស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ម៉ែន លី កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។

មន្ត្រីយោធារូបនោះឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានបាញ់សម្លាប់ប្រពន្ធខ្លួនឯងឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។

ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួនទៅ១២០គ្រាប់ទៅជាមួយផង។ ពេលនោះកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួន តែជនល្មើសបានបាញ់តដៃជាមួយសមត្ថកិច្ច។ ក្នុងស្ថានភាពបែបនេះ សមត្ថកិច្ចបានសម្រេចបាញ់ការពារខ្លួនវិញ បណ្ដាលឲ្យមន្រ្តីយោធានោះ ស្លាប់នៅនឹងកន្លែង ក្បែរបន្ទាយវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ តែម្ដង ៕