បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ដកស្រង់​ប្រភព​ពី​សារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្នុង​ពេល​ឆាប់​ៗ​នេះ WHO អាច​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្ម​វី​ធី (app) ដើម្បី​ឆែក​មើល​រោគ​សញ្ញា អ្នក​ដែល​អាច​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា សម្រាប់​ប្រទេស​ទូ​ទាំង​ពិភពលោក តែ​ជា​ពិសេស សម្រាប់​ប្រទេស​ដែល​មិនសូវ​មាន​ធនធាន​គ្រប់គ្រាន់ អាច​មាន​លទ្ធភាព​ប្រើ​កម្ម​វី​ធី​របៀប​នេះ​បាន ។ លើស​ពី​នេះ​ទៅ​ទៀត WHO កំពុង​តែ​សិក្សា​រថា​តើ គេ​គួរតែ​បន្ថែម​មុខងារ​ដែល​អាច​ធ្វើការ​តាមដាន​ការ​ធ្វើ​ទំនាក់​ទំនងជា​ប្រចាំ​របស់​អ្នកជំងឺ (contact tracing) ថែម​ទៀត​ផង ។​

​អ្វី​ដែល​ជា​ចំណុច​សំខាន់​នៃ​កម្មវិធី​នេះ គឺ​វា​ធ្វើការ​សួរ​ទៅ​អ្នក​ដែល​មាន​រោគ​សញ្ញា ដែល​អាច​សង្ស័យ​ថា នឹង​កើត​ជំងឺ កូ​វីត​-១៩ ចំណែកឯ​របៀប និង​ទីតាំង​ធ្វើតេស្ត​រក​មើលជំងឺ​នេះ វា​អាស្រ័យ​ទៅ​តាម​ប្រទេស​របស់​អ្នក​ប្រើប្រាស់​ដែល​អាច​ធ្វើការ​កែសម្រួល​កម្ម​វី​ធី​នេះ​រៀង​ៗ​ខ្លួន ។​

​កន្លង​មក តាម​បណ្តារ​ប្រទេស​មួយ​ចំនួន ដូច​ជា ៖ ឥណ្ឌា អូស្ត្រាលី ចក្រភព​អង់គ្លេស ជាដើម​បាន​បង្កើត និង​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ប្រភេទ​នេះ តាម​បច្ចេកវិទ្យា​របស់​គេ​រួច​មក​ហើយ​ដែរ ដោយ​មានមុខ​ងារ​ដូច​ជា ណែនាំ​អ្នកមាន​រោគ​សញ្ញា​ឱ្យធ្វើ​តេស្ត និង​តាមដាន​ការ​ចល័ត​របស់​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​អ្នក​ដែល​អាច​ត្រូវ​បាន​ឆ្លង ។​

WHO សង្ឃឹមថា កម្ម​វី​ធី​នេះ​នឹង​មាន​សារៈ​ប្រយោជន៍​យ៉ាង​ខ្លាំង សម្រាប់​ប្រទេស​មួយ​ចំនួន ដែល​មិន​ទាន់​មានការ​រីក​ចម្រើន​ខ្លាំង​ខាង​បច្ចេកវិទ្យា​មាន​ដូច​ជា អា​មេ​រិ​ក​ខាងត្បូង និង​អាហ្វ្រិក ហើយ​ថែម​ទាំង​ជា​ប្រទេស កំពុង​មាន​ករណី​ឆ្លង​កើនឡើង​នោះ ៕