ភ្នំពេញ ៖ ស្ត្រីជាម្តាយបង្កើតចិត្តខ្មៅម្នាក់ បានយកទារិកា មកប្លុងចោល ក្នុងបន្ទប់ទឹក រួចគេចបាត់ស្រមោល ប្រជាពលរដ្ឋប្រទះឃើញបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់បានដើរចូលបន្ទប់ទឹក ស្រាប់តែឃើញទារិកាម្នាក់ត្រូវបានគេដាក់នៅលើក្រណាត់ពណ៌ខ្មៅទុកចោល ។ ភ្លាមនោះ កូនគាត់ក៏រត់ទៅប្រាប់ទើបគាត់ ហើយគាត់ក៍នាំគ្នីគ្នាដើរទៅមើលជាក់ស្ដែង គឺទារិកានោះពុំមានដង្ហើមនោះឡើយ គឺបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យតែម្តង ។
ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅមន្រ្តីជំនាញខាងកោសល្យវិច័យ ខណ្ឌមានជ័យ និងរាជធានីភ្នំពេញ ចុះពិនិត្យ រួចបានបញ្ជាក់ថា ទារិកាខាងលើនេះ ពិតជាស្លាប់ដោយអត់អាហារ ខណៈម្ដាយទុកចោលជាច្រើនម៉ោង ។
សពទារិកាខាងលើ ត្រូវបានអាជ្ញាធរមូលដ្ឋានរៀបចំចាត់ចែងបូជាតាមប្រពៃណី ៕