ភ្នំពេញ៖ ករណីនគរបាលចរាចរណ៍ប្រចាំតាមភ្លើងស្តុប ចាប់ផាកពិន័យម៉ូតូណាដែលបើកភ្លើងពេលថ្ងៃនោះ ពេលនេះលែងមានបញ្ហាផាកពិន័យដូចមុនទៀតហើយ ។

ធម្មតា យានយន្តដែលនាំចូលពីបរទេស នៅបណ្តាប្រទេសអភិវឌ្ឍន៍ ឡានសាមញ្ញ ឬ ឡានជជុះមួយទឹក ដែលភាគច្រើនយើងនាំចូលពីសហរដ្ឋអាមេរិក ហើយនៅបណ្តាប្រទេសអភិវឌ្ឍន៍ សូមជម្រាបថា ច្បាប់តម្រូវឲ្យបើកភ្លើងពេលថ្ងៃ ដែលអង់គ្លេសហៅថា (Day Light) ដោយភ្លើងនេះគឺបើកជាប់រហូតតែម្តង បិទអត់បានទេ» ។

នេះបើតាមលោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃ ក្នុងវេទិកាស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។

លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បញ្ជាក់ថា៖ « ភ្លើងដែលពេលថ្ងៃនេះ មិនមែនជាភ្លើងហ្វា ហើយក៏មិនមែនជាភ្លើងកូតនោះដែរ គឺជាភ្លើងពេលថ្ងៃ ហើយភ្លើងហ្នឹងគឺបើកជាប់រហូតតែម្តង គឺគ្មានកុងតាក់បិទទេ។ នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍គឺតម្រូវឱ្យមាន ហើយគោលបំណងក្នុងការបំពាក់ភ្លើងពេលថ្ងៃហ្នឹង គឺដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ ដើម្បីមើលឃើញពីចម្ងាយ ឃើញភ្លើងអ៊ីចឹងទៅ ដើម្បីឱ្យយើងមានការប្រុងប្រយ័ត្ន ហើយនៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុក្រឹត្យលេខ៣៩នេះ មិនមានមាត្រាណាមួយឱ្យមន្ដ្រីនគរបាលចរាចរណ៍ ធ្វើការផាកពិន័យ ទៅលើភ្លើងពេលថ្ងៃនោះទេ»។

លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបន្ថែមទៀតថា៖ « ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីយើងភ្លេចបិទភ្លើងកូតក៏ដោយ (ធម្មតាឡានម៉ូតូយើងបើកភ្លើង ព្រលឹមឡើងធ្វើដំណើរភ្លេចបិទ ភ្លើងដែលយើងសល់ពីយប់ហ្នឹង ក៏មន្ដ្រីនគរបាលមិនពិន័យដែរ ហ្នឹងសូមជម្រាបឲ្យច្បាស់អ៊ីចឹង កុំមានការបារម្ភ នគរបាលមិនពិន័យទេ បើទោះបីភ្លើងហ្ស៊ីនមកពីនាយក៏ដោយ»៕