តារា​ឆ្នើម​ជើង​ស៊ុត​ប្រចាំ​ក្លឹ​ប​មាន់​ខ្នាយ​មាស Tottenham Hotspur និង​ជា​ខ្សែប្រយុទ្ធ​ជួរ​មុខ​ប្រចាំ​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​កីឡាករ Son Heung Min ខណៈ​ដែល​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League បាន​ផ្អាក​ដោយសារ​ជំងឺ​រាតត្បាត Covid-19 រួច​មក កីឡាករ​កូរ៉េ​ខាងត្បូង​រូប​នេះ​បាន​ចូល​បំពេញ​កាតព្វកិច្ច​ជា​យោធា​នៅ​កោះ Jeju និង​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​ជំរុំ​យោធា​ដែល​រដ្ឋាភិបាល​បាន​តម្រូវ ។

យោង​តាម​ច្បាប់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​គ្រប់​យុវជន​ដែល​មាន​សុខភាព​ល្អ​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​ជា​យោធា​មុន​ពេល​ឈាន​ចូល​អាយុ​២៨​ឆ្នាំ ដោយឡែក​ខ្សែប្រយុទ្ធ Son Heung Min ត្រូវ​បាន​រាជរដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​លើកលែង​ពី​ការ​ចូល​បម្រើ​យោធា​អស់​រយៈពេល​២១​ខែ​ម្តង​មក​ហើយ​ក្រោយ​ពី​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ជួយ​កូរ៉េ​ខាងត្បូង​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​រូ​ចម​ក ។

ក្រោយ​ពេល​ក្របខ័ណ្ឌ Premier League បាន​ពន្យា​ពេល​ដោយសារ​តែ​ជំងឺ​រាតត្បាត Covid-19 តារា​ឆ្នើម​ក្លឹ​ប​មាន់​ក្នា​យ​មាស​រូប​នេះ​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត (​កូរ៉េ​ខាងត្បូង​) របស់​ខ្លួន​វិញ​ចូល​ហ្វឹកហាត់​ទាហាន​រយៈពេល​៣​ស​ប្តា​ហ៍​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​របស់​កូរ៉េ​ខាងត្បូង ។

តារា​ឆ្នើម​ជើង​ស៊ុត​វ័យ​២៧​ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​ហ្វឹកហាត់​អំពី​ការ​ប្រើប្រាស់​អាវុធ​យុទ្ធ​ភ័​ណ្ឌ លក្ខខណ្ឌ​សង្គ្រាម និង​ការ​ហ្វឹកហាត់​កាយសម្បទា ហើយ​រូបគេ​នឹង​ត្រូវ​ប្រឈម​មុខជា​មួយ​សារធាតុ​របស់​អាវុធ​គីមី អាវុធ​ជីវសាស្ត្រ រលក​វិទ្យុសកម្ម និង​នុយក្លេអ៊ែរ​ថែម​ទៀត​ផង ។ អ្វី​ដែល​ពិបាក​បំផុត​សម្រាប់ Son គឺ​ការ​ប្រឈម​មុខ​ជាមួយនឹង​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​រត់​ចម្ងាយ​៣០​គីឡូម៉ែត្រ ។

មន្ត្រី​ផ្នែក​ហ្វឹកហាត់​នៅ​ឯ​ជំរុំ​កង​ទាហាន​របស់​កូរ៉េ​ខាងត្បូង​បាន​ប្រាប់​កាសែត The National ថា ៖«​នៅ​ពេល​អ្នកជា​ទាហាន អ្នក​គួរតែ​ចេះ​បាញ់កាំភ្លើង និង​ចេះ​ដកដង្ហើម​នៅ​ទីកន្លែង​ដែល​មាន​ផ្សែង​ហ្គា​ស ឬ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​រាប់​ប​ញ្ជូ​ល​ទាំង​ការ​រត់ និង​លូន​ជុំវិញ​សមរភូមិ​» ៕