ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានទទួលអំណោយជាសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងមេរោគ COVID-19 មានដូចជាម៉ាស ជេល និងអាកុលពីក្រុមហ៊ុន Naga world kind Heart ដើម្បីយកមកចាត់ចែងបន្ត ខណៈដែលជំងឺ COVID-19 នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះ ប្រទេសកម្ពុជារបស់យើង ក៏បាននឹងកំពុងប្រឈមដែរ។

ពិធីប្រគល់ និងទទួលនេះ ប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ឃួង ស្រេង និងតំណាងក្រុមហ៊ុន Naga world kind Heart នៅសាលារាជធានីភ្នំពេញ។
សម្ភារដែលបានប្រគល់ និងទទួលនេះ រួមមាន ម៉ាសចំនួន ១០.០០០ម៉ាស ជេលលាងដៃចំណុះ៥០មីលីលីត្រចំនួន ១.០០០ដប ទឹកអាល់កុលចំនួន ៦កាន ស្មើ ១៨០លីត្រ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Naga world kind Heart ដែលបានចូលរួមចំណែក ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នេះ។

គួរបញ្ជាក់ថា ស្ទើរគ្រប់កម្មវិធីពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ លោក ឃួង ស្រេង តែងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩នេះ ដោយត្រូវការពារខ្លួន ឲ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃ ពាក់ម៉ាស់ការពារ ជៀសឲ្យបានការជួបជុំប្រមូលផ្តុំគ្នាជាដើម៕