តាម​ប្រភព​សារព័ត៌មាន Soccer Laduma បាន​ចេញផ្សាយ​ថា គ្រូធំ​របស់​ក្លឹ​ប​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​បដិសេធ​នឹង​ការ​លេចឮ​ថា Liverpool ចិញ្ចឹមចិត្ត​ចង់បាន​កីឡាករ​ឡើង​ជើង​២​រូប​គឺ Kylian Mbappe របស់​ក្លឹ​ប​អ្នកមាន​បារាំង PSG និង​កីឡាករ Jadon Sancho របស់​ក្លឹ​ប Borussia Dortmund ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​បន្ថែម ។

ថ្លែងប្រាប់​កិច្ច​សម្ភាស​របស់ beIN Sports អ្នកចាត់ការ​ក្លឹ​ប​ហង្ស​ក្រហម​រូប​នេះ​បាន​ឆ្លើយ​ដោយ​មិន​លាក់លៀម​ថា ហង្ស​ក្រហម​បច្ចុប្បន្ន​មិន​ទាន់​ត្រូវការ Kylian Mbappe និង Jadon Sancho នោះ​ទេ​ព្រោះតែ​ក្លឹ​ប​មាន​ខ្សែប្រយុទ្ធ​ជើង​ស៊ុត​កម្រិត​កំពូល​រួច​ទៅ​ហើយ ។

លោក​បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ «​ប្រ​សិន​ថ្ងៃ​អនាគត​យើង​អាច​យក​នាំ​យក​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ​នោះ​( Kylian Mbappe និង Jadon Sancho) គ្រប់​គ្នា​ប្រាកដជា​បានឃើញ ប៉ុន្តែ​បច្ចុប្បន្ន​អ្វី​ដែល​យើង​ត្រូវ​ផ្តោត​គឺ​ធ្វើ​ឱ្យ​ក្រុម​មានការ​រីក​ចម្រើន​ថែម​ទៀត​ជា​មុន​សិន​» ។

លោក Klopp បាន​បន្ថែម​ថា ៖«Liverpool មាន​ខ្សែប្រយុទ្ធ​ឆ្នើម Sadio Mane និង Mo Salah ដែល​កត្តា​អាយុ​របស់​ពួក​គេ​អាច​នៅ​ជួយ​ក្រុម​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត ដូច្នេះ​ខ្ញុំ​មិន​ចង់បាន​អ្នក​ណា​ផ្សេង​ទៀត​នោះ​ទេ ព្រោះតែ​យើង​មាន​ស្រាប់​រួច​ទៅ​ហើយ​» ៕

ប្រភព​៖ Soccer Laduma