បន្ទាយមានជ័យ ៖ មន្ត្រី​គយ​ចល័តប្រចាំ​ខេត្តបន្ទាយមានជ័យ រួមជាមួយ​មន្ត្រី​ពេទ្យសត្វ នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​សហការគ្នា ​បង្ក្រាប​ផលិតផល​សាច់​ជ្រូក​មាន​ទម្ងន់​សរុប ៤.៥ តោន ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ។

ប្រតិបត្តិការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ផលិតផល​សាច់​ជ្រូក​ដោយខុសច្បាប់​នេះ ធ្វើ​ឡើង​កាលពី​យប់ថ្ងៃ​ទី​៥ ឧសភា ២០២០ ស្ថិត​លើ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ឡេ​ង សុ​ភ័​ត្រា មន្ត្រី​គយ​ចល័ត​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ ទី​៦ ឧសភា​នេះ​ថា ផលិតផល​សាច់​ជ្រូក​នោះ​បាន​ផ្ទុក​ក្នុង​រថយន្ត​ឃ្លុប​ក្លា​ស្ស៊​រ​១​គ្រឿង ដែល​បើកបរ​ពី​ព្រំដែន​ថៃ ចូល​មក​ក្នុង​ខេត្តបន្ទាយមានជ័យ គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ខុស​នឹង​លក្ខណៈ​បច្ចេកទេស​លើ​ការ​វេច​ខ្ចប់ ប៉ះពាល់​ដល់​គុណភាព និង​សុវត្ថិភាព​ដល់​អ្នក​បរិភោគ ។

ក្រោយ​ឆែកឆេរ កម្លាំងជំនាញ​រក​ឃើញ សាច់​ជ្រូក ឆ្អឹងជំនី​ជ្រូក និង​គ្រឿងក្នុង​ជ្រូក ចំនួន ​៧៥​កេស ដែលមានទម្ងន់ស្មើនឹង​ ៤.៥០០​ គីឡូក្រាម ។ ផលិតផល​សាច់​ជ្រូក​ទាំងនេះ ​ត្រូវ​ដឹក​យក​ទៅ​ដុត​កម្ទេច​ចោល នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ នា​រសៀល​ថ្ងៃនេះ ។

ចំណែកឯ អ្នក​បើករ​និង​ម្ចាស់​រថយន្ត ត្រូវ​បាន មន្ត្រី​ជំនាញ​ហៅ​មក​ធ្វើ​កំណត់ហេតុ ផង​ដែរ ៕