ក្លឹ​ប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich កំពុង​តែ​ខិត​ជិត​ក្នុង​កិច្ចព្រមព្រៀង​នាំ​យក​តារា​ឆ្នើម​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​រស់​ក្លឹ​ប​មេឃ​ខៀវ Manchester City កីឡាករ Leroy Sane ទៅ​កាន់​ទឹកដី Allianz Arena សម្រាប់​កុងត្រា​រយៈពេល​៥​ឆ្នាំ ។ នេះ​បើ​យោង​តាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន Sport Bild ដែល​ត្រូវ​បាន​គេហទំព័រ​សារព័ត៌មាន Goals ធ្វើការ​ដកស្រង់​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២០ នេះ ។

ខ្សែបម្រើ​ស្លាប​របស់​ក្រុម​ជម្រើសជាតិ​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ និង Man City រូប​នេះ​នឹង​ចូលរួម​ជាមួយ​ក្លឹ​ប​យក្ស Bayern Munich ក្នុង​យុទ្ធនាការ​ដណ្តើម​ពាន Bundesliga នា​រដូវ​កាល​ក្រោយ តែ​នៅ​មិន​ទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ឱ្យ​ដឹង​សម្រាប់​តម្លៃ​ខ្លួន​ក្នុង​ការ​ផ្ទេរ​ចេញពី​ក្លឹ​ប​មេឃ​ខៀវ Man City ទៅ​កាន់​ក្លឹ​ប Bayern Munich ប៉ុន្មាន​នៅឡើយ​នោះ​ទេ ។

សូម​រំលឹក​ផង​ដែរ​ថា កីឡាករ​ឆ្នើម​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ​ត្រូវ​បាន​ក្លឹ​ប Bayern Munich តាម​ទិញ​ជា​យូរ​មក​ហើយ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​មកនេះ​រូបគេ​ក៏​មិនសូវ​ជា​បាន​បង្ហាញខ្លួន​សម្រាប់​ក្រុម​មេឃ​ខៀវ Manchester City នោះ​ទេ​ដោយសារ​តែ​បញ្ហា​របួស​ជង្គង់​របស់​គេ ៕