ភ្នំពេញ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកការងារ ទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុល លាងដៃ ១៨០ លីត្រដល់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ។

នាយកគ្រប់គ្រង ណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា “ស្ថានភាពដែលពុំធ្លាប់កើតមាននេះ បានជះឥទ្ធិពលអាក្រក់ជាច្រើន មកលើគ្រួសារ និងសហគមន៍របស់យើង ខណៈជីវភាពរស់នៅ របស់ពួកគេ ទទួលរងផល ប៉ះពាល់យ៉ាងខ្លាំង ដែលអ្នកខ្លះមិនមានលទ្ធភាព ដើម្បីទិញសម្ភារការពារ ផ្ទាល់ខ្លួនឡើយ។ យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើង អាចឆ្លើយតប ទៅកាន់ការអំពាវនាវ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះបាន”។
លោក Pern ក៏បានបន្ថែមផងដែរថា “ជាមួយសម្ភារផ្គត់ផ្គង់ទាំងនេះ ក្រសួងនឹងអាចជួយដល់ សហគមន៍ជាច្រើន ដែលកំពុងត្រូវការវា”។

រដ្ឋមន្ត្រីក្រសួងអប់រំ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានទទួលសម្ភារៈ ដោយផ្ទាល់ពីលោក Pern Chen នៅឯក្រសួងអប់រំ យុវជន និងកីឡា។
លោកបណ្ឌិតសភាចារ្យ បានឲ្យដឹងថា “គំនិតផ្តួចផ្តើមដ៏មានតម្លៃ របស់ណាហ្គាវើលដ៍ ពិតជាមានសារសំខាន់ណាស់ សម្រាប់ក្រសួង និងសាលារៀននៅតាមសហគមន៍ ដើម្បីការពារខ្លួន យើងពីមេរោគកូវីដ-១៩”។ “យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនណាហ្គាវើលដ៍ ចំពោះទឹកចិត្តសប្បុរស លើកកម្ពស់ការអនុវត្ត សម្រាប់សុខភាពល្អ និងអនាម័យនៅក្នុង ពេលមានវិបត្តិសុខភាព សកលលោកនេះ។ យើងខ្ញុំសូមប្រគល់ លិខិតថ្លែងអំណរគុណ ដើម្បីអរគុណដល់អំណោយ ដ៏ថ្លៃថ្លារបស់ពួកគេ”៕