ខេត្តសៀមរាប៖ ក្រុមការងារកិច្ចការវត្តអារាម នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យកុដិឈើដ៏ចំណាស់មួយខ្នង ដែលជាស្ថាបត្យកម្មប្រកបដោយរចនាបថខ្មែរ ត្រូវបានសាងសង់អំពីឈើ ដំបូលប្រក់ក្បឿង និងមានអាយុកាលប្រមាណជាង៩០ឆ្នាំ ដែលស្ថិតនៅក្នុងវត្តព្រះព្រហ្មរ័ត្ន ខេត្តសៀមរាប។

វត្តព្រះព្រហ្មរ័ត្ននេះ ជាវត្តដ៏ចំណាស់មួយ ក្នុងចំណោមវត្តចំណាស់ដទៃទៀត នៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប។ ពេលនេះ ក្រុមការងារកិច្ចការវត្តអារាម កំពុងតែសិក្សាលើគម្រោងនៃការជួសជុលកុដិឈើដ៏ចំណាស់នេះ ហើយគម្រោងនេះ គឺធ្វើឡើងក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីលើកស្ទួយស្នាដៃ និងចូលរួមអភិរក្សនូវសំណង់ស្ថាបត្យកម្មឈើដ៏ចំណាស់ ដែលមានមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ។

ក្នុងការជួសជុលនោះ ក្រុមអ្នកជំនាញនឹងរក្សាទម្រង់ដើមទាំងស្រុង មិនឱ្យមានការបាត់បង់ទ្រង់ទ្រាយណាមួយឡើយ គឺធ្វើយ៉ាងណាដើម្បីបន្តរក្សានូវស្នាដៃ និងសទ្ធារបស់បុព្វបុរសខ្មែរយើងឱ្យនៅស្ថិតស្ថេរគង់វង្សចីរកាល៕