ខេត្តកំពត ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចោរលួចកាច់កម៉ូតូយ៉ាងសកម្ម បានលួចម៉ូតូរបស់ពលរដ្ឋយកទៅលក់បានសម្រេចចំនួន៤គ្រឿងមកហើយ លុះលួចលើកទី៥ ក៏បានសម្រេចទៀត តែដឹងអី ពេលបើករត់គេចខ្លួន បម្រុងយកទៅលក់ ស្រាប់តែភ្លាត់ស្នៀតដួលច្រងាប់ច្រងិលម្នាក់ឯង បណ្ដាលឲ្យសន្លប់ស្តូកនៅកណ្តាលផ្លូវ។

ករណីចោរនេះបានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខផ្ទះសំណាក់ Good Morning ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។

ជនសង្ស័យ មានឈ្មោះ ឈាង សារ៉ន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចកាច់សោម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ព្រះសីហនុ 1D-1942 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូង ប៉ូលិសមិនដឹងថា ជនសង្ស័យជាចោរទេ ដោយគិតថា ជនសង្ស័យជាអ្នករងគ្រោះដោយជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតសន្លប់បាត់បង់ស្មារតីប៉ុណ្ណោះ។ លុះពេលសមត្ថកិច្ចនាំជនរងគ្រោះទៅមន្ទីរពេទ្យ ក៏ឆែករកឃើញឧបករណ៍ និងសម្ភារៈជាប់ពាក់ព័ន្ធមួយចំនួន ដូចជាសោទីបលេខ៨មួយដើម ដែកកែច្នៃ៦ជ្រុង ក៏ធ្វើការសាកសួរ ទើបដឹងថា ជនសង្ស័យជាចោរលួចកាច់សោម៉ូតូ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានលួចម៉ូតូ បើករត់គេចខ្លួន តាមផ្លូវជាតិលេខ៣ បំណងយកទៅលក់នៅភ្នំពេញ ស្រាប់តែមកដល់ចំណុចភូមិថ្មី ភូមិសាស្ត្រស្រុកទឹកឈូ ក៏ដួលម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។ ជនសង្ស័យឆ្លើយសារភាពបន្តទៀតថា កន្លងមក រូបគេធ្លាប់ធ្វើសកម្មភាពលួចកាច់សោម៉ូតូនៅភូមិសាស្ត្រខេត្តកំពត យកទៅលក់នៅភ្នំពេញ បានសម្រេច៤លើកមកហើយ លុះលើកទី៥នេះ ក៏អស់លក្ខណ៍ជាប់ខ្នោះតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់៕