រាជធានី​ភ្នំពេញ ៖ ជន​ដៃដល់​ដែល​ចាប់រំលោភ​ស្ត្រី​កម្ម​ការ​នី​រោងចក្រ​ម្នាក់ មិន​បាន​សម្រេច ហើយ​សម្លាប់​ចោល​យ៉ាង​សាហាវ​ឃោ​ឃៅ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បាន​ហើយ នៅ​វេលា​យប់​ជិត​ពាក់កណ្ដាល​អធ្រាត្រ ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ ។

ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​២៨ មេ​សា ២០២០ នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ក្រោយ​ពេល​កើតហេតុ ក្រោម​ការ​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ តាម​ចាប់​ប​ជន​ដៃដល់ បន្ទាប់​ពី​ព្យាយាម​រត់គេច​ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​រួច​ប៉ុន្មាន​ម៉ោង ។

លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជន​រង​គ្រោះ​មាន ឈ្មោះ ស៊ា​ត ស៊ន អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ចារ ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ខេត្តព្រៃវែង ហើយ​នារី​រង​គ្រោះ​ខាងលើ​រូប​នេះ គឺ​ត្រូវ​បាន​ជន​ដៃដល់​វាយ និង​យក​កាំបិត​ចាក់​ស្លាប់​ក្នុង​ថ្លុកឈាម ក្នុង​រូបភាព​ស្រាត​អស់​ផ្នែក​ខាងក្រោម ។

ទោះបីជា​យ៉ាងណា អត្តសញ្ញាណ​ជនសង្ស័យ សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​នៅឡើយ​ទេ បើ​តាម​លោក​អធិការ បានអោយ​ដឹង​បន្ត​ថា ជន​នេះ ទើប​មក​ជួល​ផ្ទះ​ស្នាក់ នៅ​ជាន់​ក្រោមផ្ទះ​របស់​ស្ត្រី​រង​គ្រោះ បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ។ រីឯ​ស្ត្រី​រង​គ្រោះ គឺ​ស្នាក់​នៅ​ជា​យូរ​មក​ហើយ ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ដៃដល់ ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ជាដំបូង​ថា នៅ​ម៉ោង​ប្រហែល​១​រសៀល ថ្ងៃ​ទី​២៨ មេ​សា ២០២០ ពេល​ស្ត្រី​រង​គ្រោះ កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង ដោយ​មិន​បាន​ចាក់​គន្លឹះទ្វារ ខ្លួន​ក៏​បាន​លប​ឡើង​ទៅ​ចូល​ក្នុង​បន្ទប់​របស់​នាង​ហើយ​ចាក់​គន្លឹះទ្វារ​ពី​ខាងក្នុង ដោយ​កាន់​យក​កូនកាំបិត ទៅ​គំរាម​ឱ្យ​នាង​ស្រាតខោ​ចេញ ដើម្បី​រួម​ភេទ ។ ខណៈនោះ ដោយសារ​ការ​ភ័យ​ខ្លាច នាង​បាន​ស្រាតខោ​ចេញ​តាម​ការ​គំរាម ។ ចៃដន្យ ខណៈ​ខ្លួន​កំពុង​ស្រាតខោ​ខ្លួនឯង​ដែរ​នោះ ភ្លេចខ្លួន​មួយ​ភ្លែត ស្រាប់តែ​នាង​បាន​ងើបរ​ត់ទៅ​បើកទ្វារ​បម្រុង​រត់​ស្រែកហៅ​គេ​ជួយ ខ្លួន​ក៏​ស្ទុះ​តាម​ពីក្រោយ​ចាក់​ជា​ច្រើន​កាំបិត​ចុង​ស្រួច​ចំ​ក​ញ្ចឹ​ង​.​ក ពីក្រោយ ហើយ​ជន​រង​គ្រោះ នាង​ខំ​ប្រតាយប្រតប់​ជាមួយ ទើប​ខ្លួន​ទាញ​បាន​ឆ្នាំងសម្ល វាយ​ចំ​កណ្ដាល​មុខជា​ច្រើន​បន្ថែម​ទៀត បណ្តាល​ឱ្យ​នាង​ដេក​ស្លាប់​ផ្កាប់មុខ ក្នុង​ថ្លុកឈាម​តែ​ម្តង ។

ពេល​ធ្វើ​សកម្មភាព​នោះ គ្មាន​អ្នក​ណា​ដឹង​នោះ​ទេ បន្ទាប់​មក ខ្លួន​ក៏​រត់​ចុះ​មក​ក្រោម​វិញ យក​ម៉ូតូ​របស់​នាង​ជិះ​ចេញ​ទៅ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ប៉ុន្មាន​ម៉ោង​ក្រោយមក ៕
សូម​ទស្សនា​វី​ដេ​អូ ផ្សាយ​ផ្ទាល់ ៖