ភ្នំពេញ៖ ជនដៃដល់ដែលចាប់រំលោភស្រ្តីកម្មការនីរោងចក្រម្នាក់មិនបានសម្រេច ហើយសម្លាប់បំបិតមាត់យ៉ាងសាហាវឃោឃៅ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានហើយ នៅវេលាយប់ជិតពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
ជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទស្រីអាយុ ២៨ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានជនដៃដល់វាយ និងយកកាំបិតចាក់។
កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ក្រោយពេលកើតហេតុ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញចាប់បជនដៃដល់ បន្ទាប់ពីព្យាយាមរត់គេចខ្លួន ក្រោយធ្វើសកម្មភាពរួចប៉ុន្មានម៉ោង៕