ភ្នំពេញ៖ រថយន្តម៉ាកម៉េរសឺដេសមួយគ្រឿង បោះពួយលឿនដូចហោះ ជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួលរបួសធ្ងន់ម្នាក់ មិនទាន់អស់ល្បឿន បានទៅបុកទ្រូងផ្លូវខ្ទាត២កង់ និងប៉ះរថយន្តឡង់គ្រីស័រមួយគ្រឿងទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ នៅមុខវិទ្យាល័យបាក់ទូក តាមបណ្តោយផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកម៉េរសឺដេស ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 2BB- 9966 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវ១៦៩ ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុកម៉ូតូម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1FG 7755 បើកដោយយុវជនម្នាក់ ពីក្រោយ បណ្តាលឲ្យខ្ទាតអ្នកបើកបរម៉ូតូចេញមកខាងផ្លូវ បាក់ជើងខាងឆ្វេង ឯម៉ូតូខ្ទាតទៅមុខរថយន្ត ។ដោយភ័យពេករថយន្តបង្ក បានបើកគេចមកឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវ២កំណាត់ រួចខ្ទាតចេញទៅប៉ះរថយន្តឡង់គ្រីស័រមួយគ្រឿង កំពុងបើកពីជើងទៅត្បូង បណ្តាលឲ្យក្រពឹតទ្វារខាងឆ្វេង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះវាស់វែង និងយករថយន្តទាំងពីរគ្រឿង និងម៉ូតូមួយគ្រឿង រួមទាំងអ្នកបើករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា ៕