ខេត្តកណ្តាល៖ មានហេតុការណ៍ឃាតកម្មដ៏រន្ធត់មួយ បានបង្កឡើងដោយមន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយដឹកសពពីភ្នំពេញ រហូតដល់ខេត្តកណ្តាល ហើយជនបង្កបានខលហៅសមត្ថកិច្ចមកឃាត់ខ្លួនឯងតែម្តង ដោយមិនបានរត់គេចនោះឡើយ។

យោងតាមការឲ្យដឹងរបស់ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រាប់សារព័ត៌មានថា ហេតុការណ៍ឃាតកម្មស្វាមីបាញ់សម្លាប់ភរិយានេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ ហើយហេតុការណ៍ឃាតកម្មនេះ បានកើតឡើងនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីបាញ់សម្លាប់ភរិយានៅក្នុងរថយន្តហើយនោះ បុរសជាប្តីបានដឹកសពភរិយាពីកន្លែងកើតហេតុ ទៅកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ពេលទៅដល់ចំណុចខាងលើ ជនបង្កជាប្តីបានទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យមកឃាត់ខ្លួនតែម្តង។ ជនសង្ស័យជាឃាតក មានឈ្មោះ គឹម សារី អាយុ ៥៨ឆ្នាំ ជាមន្ត្រីយោធា នៃក្រសួងការពារជាតិ។ រីឯជនរងគ្រោះជាភរិយាមាន ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។

ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការបាញ់សម្លាប់នេះឡើយ។ តែប្រភពផ្សេងបានអះអាងថា មុនពេលកើតហេតុ មានការជជែកគ្នា ដែលអាចកើតពីការអន់ចិត្តរឿងប្រច័ណ្ឌ ហើយប្រពន្ធប្រតាយប្រតប់ ប៉ៈកាំភ្លើងដែលបញ្ចូលគ្រាប់រួច ក៏បណ្តាលឱ្យផ្ទុះត្រូវស្លាប់តែម្តង ។ ព័ត៌មានលំអិត យើងខ្ញុំនឹងធ្វើការរាយការណ៍បន្ថែមនៅពេលក្រោយ ៕