ភ្នំពេញ៖ ក្រោយពីប្រកាសលក់អស់ជាច្រើនខែមក ពេលនេះតារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ សម្រេចចិត្តរើឥវ៉ាន់ចុះចេញវីឡាស្កឹមស្កៃនៅបុរីពិភពថ្មីសំរោងអណ្តែតនោះហើយ ក្រោយពីលក់់ដាច់។

តារាចម្រៀង ករុណា ពេជ្រ បានចាប់ផ្តើមរើឥវ៉ាន់ចេញពីទ្រនំធ្លាប់នៅអស់រយៈពេល៥ឆ្នាំមកហើយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ទាំងក្តុកក្តួល ដោយសារតែនឹកស្រណោះជម្រកដ៏សុខសាន្តមួយនេះ។

ករុណា ពេជ្រ បានរៀបរាប់ថា៖” ខ្ញុំនិយាយអារម្មណ៏ពិតមួយ មិនមានបំណងឲ្យបងប្អូនអាណិតទេ តែជាអារម្មណ៏ពិត មិនដឹងថាបងប្អូនធ្លាប់មានអារម្មណ៏ដូចខ្ញុំដែរទេ? ពេលរើផ្ទះ ដូចមានអារម្មណ៏ចង់ហូរទឹកភ្នែកម៉េចទេ ។ នឹកប៉ា អាណិតប៉ា ស្រណោះអនុស្សាវរីយ៏តស៊ូយ៉ាងច្រើនជាមួយប៉ាក្នុងផ្ទះមួយនេះ ប៉ាឈឺហើយ អ៊ីចឹងប៉ាអង្គុយឲ្យស្ងៀម កូនអាចធ្វើបាន”។

ករុណា ពេជ្រ បន្ថែមថា៖”មួយជាតិនេះ កូននឹងចំណាយពេលវេលា រួមទាំងថវិកាជាមួយប៉ាអស់ម៉ាន ក៏តាមហ្នឹងចុះ ព្រោះប៉ាមានតែកូនមួយ គឺកូន ទោះបីប៉ាពិការ មិនស្គាល់កូនក៏ដោយ ក៏កូននៅតែដឹកដៃប៉ាដើរជាមួយគ្នាបន្តទៀត។ ថ្ងៃនេះខ្ញុំ និងប៉ា សូមលាពីផ្ទះមួយនេះហើយ។ អរគុណរយៈពេលជាង៥ឆ្នាំដែលអ្នកបានជួយចម្រុងចម្រើនខ្ញុំ សូមឯងបន្តនាំលាភ ជូនដល់ម្ចាស់ឯងថ្មីផងណា! ”។

កាន់តែស្រណោះជាងនេះទៅទៀត គឺតារារូបនេះបញ្ចេញបទចម្រៀងរៀបរាប់ពីជីវិតផ្ទាល់ខ្លួន គឺបទប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ” ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែខ្លោចចិត្តអាណិតតារាចម្រៀងរូបនេះកាន់តែខ្លាំង។ ពិតជាកម្ររកបាន កូនដែលកត្តញ្ញូចំពោះឪពុកបែបនេះ៕