ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ១១ឆ្នាំ មានរហ័សនាមថា អាក្របី បានរំលោភក្មេងស្រីអាយុ៥ឆ្នាំ លុះម្ដាយក្មេងស្រីរងគ្រោះដឹង ក៍ប្ដឹងប៉ូលិសទារសំណង១០លានរៀល ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ។

ក្មេងស្រីរងគ្រោះ ឈ្មោះ ដ ស ជ អាយុ៥ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្ដាយ នៅភូមិឃុំកើតហេតុ។ ចំណែកជនល្មើសឈ្មោះ អុល រីន ហៅអាក្របី ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា។

ស្រ្តីជាម្ដាយក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី២៣ ខែមេសា ថា មុនពេលកើតហេតុ កូនស្រីគាត់បានទៅលេងផ្ទះមីងបង្កើតនៅខាងក្រោយផ្ទះរបស់ខ្លួន ហើយក្រោយមក គាត់ក៏បានហៅកូនមកងូតទឹក ពេលស្រាតខោអាវងូតទឹក ស្រាប់គាត់ឃើញប្រដាប់ភេទកូនក្រហមខ្លាំង ក៏សួរថា កើតអីកូនហ្នឹង? កូនបានប្រាប់គាត់ថាជនសង្ស័យឈ្មោះ អុល រីន ហៅអាក្របី រំលោភ ។ ភ្លាមនោះដែរ គាត់ក៏បានហៅអាក្របីមកសួរនាំ ប៉ុន្ដែអាក្របី បានបដិសេធ គាត់ក៍រកវិធីនិយាយបំភ័យអាក្របី ថា បើហ្អែងមិនប្រាប់ឲ្យត្រង់ទេ អញនឹងឌុបហែងទៅពេទ្យឲ្យពេទ្យពិនិត្យមើល… ទើបអាក្របីព្រមសារភាពថា វាពិតជាបានរំលោភកូនស្រីគាត់ពិតប្រាកដមែន។

បន្ទាប់មក គាត់ក៏បាននាំយកកូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក ទារសំណង១០លានរៀល ។

ជនសង្ស័យដែលទើបមានអាយុ១១ឆ្នាំនេះ ត្រូវកម្លាំងផ្នែកជំនាញអធិការដ្ឋានស្រុក កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការហើយ ៕