កំពង់ធំ៖ ក្រុមឩទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន នៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានដកហូត កូនសត្វត្រដក់តូច (Lesser Adjutant) ចំនួនពីរក្បាលមានអាយុប្រហែល ២ខែត្រូវបាន ពីគ្រួសារមួយស្ថិតក្នុងភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងពេលល្បាតអនុវត្តច្បាប់ប្រចាំខែ។

ក្រុមឩទ្យានុរក្សបានបញ្ជាក់ ឱ្យដឹងថា ត្រដក់តូចទាំងនេះ ត្រូវបានគ្រួសារមួយទិញពីអ្នកប្រមាញ់ ម្នាក់មកចិញ្ចឹម ក្នុងគោលបំណង ចិញ្ចឹមលម្អ ដូចសត្វស្រុកធម្មតា មិនមែនសម្រាប់ធ្វើអាជីវកម្មនោះទេ។ ក្រោយពីដកហូតសត្វស្លាប ទាំងពីរនេះត្រូវបានប្រគល់ ជូនអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance)កាលពីព្រឹកថ្ងៃទី២២ ដើម្បីធ្វើការស្តានិតិសម្បទាមុននឹង សម្រេចប្រលែងពួកគេទៅក្នុងជម្រកធម្មជាតិវិញ។

ចំណែក ឯម្ចាស់សត្វ តម្រូវឱ្យចុះកិច្ចសន្យាលើការឈប់ប្រព្រឹត្តបទល្មើស សត្វព្រៃនេះបន្តទៀត។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមល្បាតក៏ បានអប់រំបន្ថែមអំពីច្បាប់តំបន់ការពារធម្មជាតិ ការអភិរក្ស សត្វស្លាបនិងជីវៈចម្រុះ និងតួនាទីរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមថែ រក្សាការពារនិងប្រើប្រាស់ដោយឈ្លាសវៃ នូវធនធានធម្មជាតិដែលមាន ក្នុងតំបន់រ៉ាមសារនេះផងដែរ៕