សិង្ហបុរី៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ នេះថា នាយករដ្ឋមន្ត្រី លោក លី សៀន ឡុង (Lee Hsien Loong) បានប្រកាសថា ប្រទេសសិង្ហបុរី នឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

នៅក្នុងការរឹតបន្តឹងវិធានការនៃការបិទប្រទេសមួយផ្នែក របស់ប្រទេសសិង្ហបុរីរួមមានទាំង ការរក្សាគម្លាតសុវត្ថិភាព, ការបិទកន្លែងការងារមួយចំនួន និងសាលារៀន ដំបូងឡើយនឹងត្រូវអស់សុពលភាព នៅថ្ងៃទី៤ ខែឧសភា ប៉ុន្តែ ដោយសារតែប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សិង្ហបុរី បានផ្ទុះការឆ្លងកូវីដ១៩យ៉ាងគំហុក ដែលកើតឡើងចេញពីការឆ្លងជាចង្កោម នៅក្នុងចំណោមពលករបរទេស។ បើតាមលោកនាយករដ្ឋមន្ត្រី លី សៀន ឡុង ការបន្តសុពលភាពវិធានការបិទប្រទេសមួយផ្នែកនេះ អាចនឹងធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 ធ្លាក់ចុះ ហើយអាចនឹងធានាបានថា ការឆ្លងជាចង្កោមក្នុងចំណោមពលករបរទេស នឹងមិនក្លាយជាការឆ្លងជាសហគមន៍នោះឡើយ៕