រាជធានីភ្នំពេញ ៖ បុរសជនជាតិឥណ្ឌាម្នាក់បានធ្វើចំណាកស្រុកឃ្លាតឆ្ងាយពីក្រុមគ្រួសារ មកធ្វើការសំណង់នៅស្រុកខ្មែរ ដើម្បីរកប្រាក់ចិញ្ចឹមប្រពន្ធកូន លុះប្រពន្ធនៅស្រុកត្រូវការប្រាក់ ហើយរូបគេគ្មានប្រាក់ផ្ញើឲ្យ ក៏ពិបាកចិត្តស្អិតទ្រូង រហូតគិតខ្លីចង.កស្លាប់យ៉ាងអាណោចអាធ័ម។
ករណីបុរសឥណ្ឌាធ្វើអត្តឃាតខ្លួននេះ បានកើតនៅវេលាម៉ោង ០៧និង៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់មួយកន្លែង លេខ៥៤ ជាន់ទី១ ផ្លូវ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ជនរងគ្រោះមានឈ្មោះ LINGANNA GOPULA ភេទប្រុស អាយុ35ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ កម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ S1960127។
តាមការបំភ្លឺពីឈ្មោះ TMU THENNA ភេទប្រុស ជនជាតិឥណ្ឌា ត្រូវជាមិត្តភ័ក្តិជនរងគ្រោះនិងធ្វើសំណង់ជាមួយគ្នា បានឲ្យយដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ រូបគេបានឃើញជនរងគ្រោះនិយាយទូរស័ព្ទជាមួយប្រពន្ធបណ្តើរយំបណ្តើរ ដោយប្រពន្ធសុំឲ្យជនរងគ្រោះផ្ញើលុយទៅស្រុក ក្នុងពេលដែលជនរងគ្រោះគ្មានលុយ លុះព្រឹកឡើងស្រាប់តែប្រទះឃើញជនរងគ្រោះចង.កស្លាប់តែម្តង បង្កការភ្ញាក់ផ្អើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន ក្រោមការសម្របសំរួលដោយ លោក សេង គីមឡាក់ ព្រះរាជអាជ្ញាររង បានធ្វើការត្រួតពិនិត្យលើសាកសព។
ក្រោយពីពិនិត្យរួច សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង( ចងក ) បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់នៅវត្ដទឹកថ្លា ចំណែកសម្ភារបស់សព មានទូរស័ព្ទ១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌា បានប្រគល់ឲ្យទៅការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនិត្តិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាទុកប្រគល់ជូនក្រុមគ្រួសារសព និងស្ថានទូតសាមី ៕