បរទេស៖ ក្រោយពីសហរដ្ឋអាមេរិក កាត់ផ្តាច់ថវិកាឧបត្ថម្ភអង្គការសុខភាពពិភពលោក (WHO) មក បណ្ដាប្រទេសធំៗដូចជា ចិន អ៊ីតាលី និងអាល្លឺម៉ង់ បានសម្តែងគាំទ្រចំពោះស្ថាប័នអង្គការសហប្រជាជាតិដ៏សំខាន់មួយនេះយ៉ាងពេញទំហឹង នៅខណៈដែលពិភពលោក កំពុងរងគ្រោះដោយសារជំងឺឆ្លងរាតត្បាត COVID-19។
នេះបើតាមការដកស្រង់ផ្សាយទីភ្នាក់ងារព័ត៌មានស៊ីន ហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០នេះ។

ទីភ្នាក់ងារព័ត៌មានស៊ីន ហួរ បានផ្សាយថា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ចាង ជន (Zhang Jun) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីម្តងទៀត ពីគោលជំហរគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិន ចំពោះអង្គការសហប្រជាជាតិ ក៏ដូចជាចំពោះតួនាទីដឹកនាំដ៏សំខាន់របស់អង្គការសុខភាពពិភពលោក ក្នុងការងារសម្របសម្រួលកិច្ច សហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹង COVID-19។

លោក Zhang បានបន្តថា អង្គការសុខភាពពិភពលោក (WHO) ប្រកាន់ខ្ជាប់នូវជំហរជាសត្យានុម័ត ឥតលម្អៀង និងផ្អែកលើតឹកតាងនៃវិទ្យាសាស្រ្ត ព្រមទាំងផ្តល់ការណែនាំ ក៏ដូចជាការជួយជ្រោមជ្រែងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពដល់ប្រទេសនានា នៅជុំវិញពិភពលោក ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19។

នៅថ្ងៃដដែលនោះដែរ អនុរដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោកស្រី ម៉ារីណា ស៊ែរីនី (Marina Sereni) ក៏បានថ្លែងថា អង្គការសុខភាពពិភពលោក មានសារៈសំខាន់ជាខ្លាំង ក្នុងការប្រយុទ្ធជាមួយ COVID-19 ហើយប្រទេសលោកស្រីនឹងបន្តផ្តល់ការគាំទ្រជានិច្ចដល់បេសកកម្មរបស់ស្ថាប័នអន្តរជាតិមួយនេះ។

ជាមួយគ្នានេះដែរ លោកស្រី អាន់ជែឡា មើគែល Angela Merkel អធិកាបតីអាល្លឺម៉ង់ បានសម្តែងការគាំទ្រពេញទំហឹង ចំពោះអង្គការ WHO និងស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយវិបត្តិ COVID-19។ រីឯរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហេកូ ម៉ាអាស (Heiko Maas) ក៏បានលើកឡើងដែរថា WHO នៅតែជាឆ្អឹងខ្នងដ៏សំខាន់ នៃការប្រយុទ្ធតទល់នឹងជំងឺឆ្លងរាតត្បាតលក្ខណៈអន្តរជាតិ ហើយវាជារឿងមិនសមហេតុផលនោះឡើយ ក្នុងការមើលស្រាល រិះគន់ និងកាត់បន្ថយថវិកាដល់អង្គការ WHO នាពេលនេះ៕