បរទេស៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ គេហទំព័រសារព័ត៌មាន Japan Times បានរាយការណ៍ថា​ ​នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្ស៊ីនស៊ូ អាបេ បានសម្រេចចិត្តប្រកាសអាសន្នទូទាំងប្រទេស។ ដើម្បីបងា្ករការរីករាលដាលនៃ covid 19 បន្ទាប់ពីចំនួនអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ បច្ចុប្បន្ននេះប្រទេសជប៉ុនមានចំនួនអ្នកឆ្លងវីរុស Covid-19 សរុបជាង៩០០០នាក់ ដែលបានឆ្លងជំងឺនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NPR

ជាមួយគ្នានេះ​ លោក ហ្ស៊ីនស៊ូ អាបេ​ ក៏បានអនុម័តលើការបែងចែកថវិការបស់រដ្ឋាភិបាលសម្រាប់វិធានការជួយប្រជាជន និងអាជីវកម្មផងដែរ។ ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលរងការវាយប្រហារពីសំណាក់វីរុស Covid-19 បានត្រៀមផ្តល់សំណង១០០,០០០យ៉េន​ ដែលស្មើនឹងប្រមាណ៩៣០ដុល្លារ ដល់ពលរដ្ឋម្នាក់ៗនៃប្រជាជនជប៉ុនចំនួនជាង១២៦លាននាក់ ដើម្បីកាត់បន្ថយការលំបាកផ្នែកសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ ក៏ដូចជាការផ្ដល់ឲ្យនេះគឺសំរាប់ប្រជាជនគ្រប់រូបដោយមិនគិតពីកំរិតប្រាក់ចំណូលឡើយ។

គេរំពឹងថាការប្រើប្រាស់ថវិកាសរុបចំនួន១៨០ពាន់លានយ៉េន ដែលត្រូវបានគេចាត់ទុកថាជាថវិកាចំនាយខ្ពស់បំផុតរបស់រដ្ឋាភិបាលនៅប្រទេសជប៉ុន។

គួរជម្រាបថា ផែនការដែលបានលើកឡើងនេះលោកនាយករដ្ឋមន្រ្តី លោក ហ្ស៊ីនស៊ូ អាបេបានកែសម្រួលផែនការថវិកាសម្រាប់ថវិកាឆ្នាំ២០២០ ដោយចាប់ផ្តើមពីខែមេសា។ ដើមឡើយរដ្ឋាភិបាលបានត្រៀមផ្តល់ជំនួយចំនួន៣០ម៉ឺនយ៉េន សម្រាប់គ្រួសារដែលមានប្រាក់ចំណូលមានការថយចុះយ៉ាងខ្លាំងតែប៉ុណ្ណោះ តែដោយសារការរាតត្បាតដោយសារ Covid-19 កាន់តែខ្លាំងរដ្ឋាភិបាលក៏សម្រេចផ្លាស់ប្ដូរការអនុម័តតែម្ដងទៅ ៕