បរទេស៖ សត្វតោជាច្រើននៅអាហ្វ្រិកខាងត្បូង ត្រូវបានគេប្រទះឃើញដេកយ៉ាងព្រោងព្រាតនៅតាមដងផ្លូវ ខណៈអាហ្វ្រិកខាងត្បូងបានប្រកាសបិទប្រទេសទាំងស្រុងក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលវីរុស Covid-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC​ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។

អនុរក្សឧទ្យានជាតិ Kruger លោក Richard Sowry បានចេញល្បាតកាលពីថ្ងៃពុធ ទី១៥ បានឲ្យដឹងថា នៅលើផ្លូវមួយដែលជាធម្មតាធ្លាប់តែមមាញឹកជាមួយភ្ញៀវទេសចរ ស្រាប់តែថ្មីៗនេះដោយមានការរាតត្បាតពីវីរុស Covid-19 ផ្លូវនេះប្រែជាស្ងាត់ជ្រងំបានធ្វើឲ្យសត្វតោជាច្រើនក្បាល ដែលមើលទៅហាក់ជាមានសេចក្ដីសុខសម្រាប់ពួកគេ ហើយពិតជាបាតុភូតមិនធម្មតាទេ។ ដោយឡែកសត្វឆ្មាធំជាច្រើនក៏ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវពេលយប់ផងដែរ។

លោកបានបន្តទៀតថា នៅពេលគាត់ថតរូបជាមួយទូរស័ព្ទ សត្វតោហាក់ដូចជាមិនធុញទ្រាន់ទេ​ ពួកគេនៅស្ងៀមឲ្យខ្ញុំថតរូបបានយ៉ាងងាយ ដែលភាគច្រើនពួកគេហាក់ដូចជាដេកលក់យ៉ាងលឿន។ គាត់ពិតជារីករាយក្នុងការចែករំលែករូបថតរបស់គាត់ជាមួយមនុស្សដែលមិនអាចទៅលេងឧទ្យានបាននាពេលបច្ចុប្បន្ននេះដោយសារតែជំងឺរាតត្បាតបានរាលដាល ៕