ប៉េ​កាំ​ង ៖ មន្ត្រី​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អង្គការ​សុខភាព​ពិភពលោក (WHO ) បាន​និយាយ​ថា ខ្លួន​មិន​មាន​ភស្តុ​តាង​ណាមួយ ដើម្បី​បញ្ជាក់​ថា វីរុស​កូ​វី​ដ​-១៩ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ២​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ប្រទេស​ចិន​ទេ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Zhao Lijian បាន​ឆ្លើយ​តប និងច្រានចោលទៅនឹងការចោទប្រកាន់បែប​នេះ បន្ទាប់ពី​សហរដ្ឋអាមេរិក​ធ្លាប់​ចោទប្រកាន់​ប្រទេស​ចិន​ថា ជា​ប្រភព​នៃ​ការ​បង្កើត​វីរុស​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​នៅ​ទីក្រុង​អ៊ូ​ហាន ភាគ​កណ្តាល​ប្រទេស​ចិន​ដែល​ជាទី​តាំង​រីក​រាលដាល​ដំបូង​កាលពី​ចុងឆ្នាំ ២០១៩ ។ ការ​ចោទប្រកាន់​ទាំងឡាយ​នៅ​មិន​មាន​ភស្តុ​តាង​វេជ្ជសាស្ត្រ​ណាមួយ​មក​បញ្ជាក់​ឡើយ រហូត​មក​ដល់​ពេល​នេះ WHO ក៏​ចេញ​មក​បកស្រាយ​ថា ខ្លួន​ក៏​គ្មាន​ភស្តុ​តាង ដើម្បី​ចោទប្រកាន់​ចិន​ដែរ ៕