រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានកោះហៅ លោកអ៊ូ ប៊ុនធី ម្ចាស់បន្ទប់ជួលដែលចាប់ស្រីមានផ្ទៃពោះចងដៃនឹងក្រមានោះ បានបង្ហាញខ្លួន និងធ្វើការសាកសួរអំពីរឿងហេតុដែលឈានទៅដល់ការចាប់ស្រីមានផ្ទៃពោះចង ។

ក្នុងពេលនោះ លោកអ៊ូ ប៊ុនធី ជាម្ចាស់ផ្ទះ ក៏បានបង្ហាញស្លាកស្នាមលើដងខ្លួនផងដែរ ដោយបានបញ្ជាក់ថា ស្រីមានផ្ទៃពោះនោះ ក្រញៅរូបលោក ។ ប៉ុន្តែពេលដែលស្រីមានផ្ទៃពោះនោះ វ៉ៃលោក បងប្អូននាងមិនថតទេ មកថតតែពេលលោកចាប់ចងនាងទៅវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅភូមិព្រៃទាសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ មានហេតុការណ៍នារីមានផ្ទៃពោះម្នាក់ ត្រូវបានម្ចាស់ផ្ទះជួលធ្វើការចាប់ចងដៃជនរងគ្រោះនឹងក្រមាយកទៅចងជាមួយនឹងទ្វារ ខណៈដែលនារីរូបនោះផ្ទៃពោះចំនួន៤ខែ ។ ពេលនោះ ជនបង្កដែលជាម្ចាស់ផ្ទះនៅបានពោលពាក្យទៅកាន់នារីរងគ្រោះថា “ចង់ប្តឹងដល់ណាក៏ប្តឹងទៅ” ។

លុះនៅព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ នារីរងគ្រោះនោះបានមកដាក់ពាក្យបណ្ដឹងចំពោះលោកអ៊ូ ប៊ុនធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាមន្ត្រីសាធារណៈការ និង ឈ្មោះ ស្រេង ឆេងលីន ភេទស្រីអាយុ៨១ឆ្នាំ ជាជនបង្ក និងជាម្ចាស់ផ្ទះជួលនោះ ដោយទាមទារថ្លៃព្យាបាលជំងឺ និងសងជំងឺចិត្តចំនួនទឹកប្រាក់ ៥០០០ដុល្លារ ៕