ភ្នំពេញ ៖ ជនសង្ស័យជាចោរប្លន់២នាក់ក្នុងចំណោម៣នាក់ដែលបានធ្វើសកម្មភាពយកកាំភ្លើងខ្លីក្លែងក្លាយភ្ជង់គំរាមនិស្សិតម្នាក់ប្លន់យកម៉ូតូបានសម្រេច កាលពី៧ថ្ងៃមុន នៅក្បែរសាលារៀនSOSនោះ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ តាមចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ។

ជនសង្ស័យទី.១ ឈ្មោះ ណន មាស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មានស្នាក់នៅបន្ទប់ជួល ក្នុងភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី.២ ឈ្មោះ រ៉ន ប្រុសនន់ ហៅ លន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិអណ្តូង១ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ។
ចំណែកជនរងគ្រោះ ឈ្មោះ ស៊ីម សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់ផ្ទះសង់ថ្មី ផ្លូវម៉ៅសេទុង សង្កាត់បឹងឡាង ខណ្ឌទួលគោក។

មន្រីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ រំលងអធ្រាត្រថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យប្រដាប់អាវុធមួយក្រុម មានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង បានលួចធ្វើសកម្មភាពប្រើកាំភ្លើងខ្លី ភ្ជង់គំរាមយកម៉ូតូ១គ្រឿង ម៉ាក និចពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1D 0821 ពីរងគ្រោះម្នាក់ឈ្មោះ ស៊ីម សារ៉ាត់ នៅក្បែរសាលារៀនSOS។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ភ្នំពេញថ្មី ។ រហូតដវេលាម៉ោង១និង៤០នាទីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រទះឃើញភិនម៉ូតូមុខសញ្ញាជនសង្ស័យ បានឃាត់ឆែកឆេររកឃើញមានថ្នាំញៀននៅជាប់ហោប៉ៅ២កញ្ចប់ និងមានអាវុធខ្លីក្លែងក្លាយ១ដើម(កាំភ្លើងខ្លីប្រើកម្លាំងខ្យល់) ក៏ចាប់ខ្លួនបាន២នាក់ និងម៉ូតូ២គ្រឿង ម៉ាក XT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BB-4863 និង ម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1O -0967 យកទៅសាកសួរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពភ្ជង់គំរាមជនរងគ្រោះប្លន់យកម៉ូតូម៉ាកនិង បាន១គ្រឿងនៅក្បែរសាលាSOS នោះមែន ដោយបានបញ្ជាក់ថា បក្ខពួករបស់គេម្នាក់ទៀតកំពុងរត់គេចខ្លួននោះឈ្មោះ ម៉ាប់ បានចូលរួមប្លន់ដែរ។

ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី ៕