ភ្នំពេញ៖ ទីបំផុត! អតីតប្តីជាមន្ត្រីនគរបាលខណ្ឌសែនសុខ ដែលបាញ់បុរសម្នាក់ បែរត្រូវចំអតីតប្រពន្ធរបស់ខ្លួន និងកូនស្រីរបួសធ្ងន់ សមត្ថកិច្ចចាប់ខ្លួនបានហើយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាកន្លែងដែលជនដៃដល់បានរត់គេចខ្លួន តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយធ្វើសកម្មភាព។

ជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ ពាក់ស័ក្កិ៣។
បើតាមស្រ្តីម្នាក់ជាបងស្រីរបស់ជនដៃដល់ បានឲ្យដឹងថា ជនដៃដល់មានកំហឹងយូរហើយ ជាមួយបុរសជាអ្នកបើកបររថយន្តដឹកប្រពន្ធខ្លួននោះ ដោយធ្លាប់និយាយថា ប្រសិនបើលះលែងជាមួយគាត់(ជនដៃដល់)ហើយ ទៅយកបុរសម្នាក់នោះ គឺគាត់នឹងតាមបាញ់សម្លាប់ហើយ។

លុះដល់ពេលកើតហេតុ ជនដៃដល់ជាប្អូនរបស់គាត់បានតាមដានឃើញអតីតប្រពន្ធ និងកូនស្រី ជិះរថយន្តជាមួយបុរសនោះ ក៍ប៉ុនប៉ងបាញ់សម្លាប់បុរសនោះមែន ប៉ុន្តែបែរជាត្រូវប្រពន្ធ និងកូនស្រីខ្លួនឯងទៅវិញ។

ក្រោយពីបាញ់សម្លាប់ហើយ ប្អូនគាត់បានរត់គេចខ្លួនផ្ទះគាត់ជាបងស្រីនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយធ្វើសកម្មភាព។

ចំណែកបុរសម្នាក់ដែលគេសង្ស័យមានទំនាក់ទំនងស្នេហាជាមួយស្រីរងគ្រោះ បានអះអាងថា មុនកើតហេតុម៉ោងប្រមាណ ៨៖១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះ ជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយ បាញ់សំដៅរថយន្តចំនួន៤គ្រាប់ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធឲ្យរងរបួសធ្ងន់ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា។

តែដោយសាររបួសធ្ងន់ពេកស្ត្រីជាប្រពន្ធ ក៍ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត នោះទៅ ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ និងអតីតស្វាមីបានលេងលះគ្នាមួយរយៈពេលមកហើយ ៕