អាមេរិក៖ COVID-19 នៅសហរដ្ឋអាមេរិក បានសម្លាប់មនុស្សកើនដល់ចំនួន១០,៣៣៥នាក់ហើយ ខណៈអ្នកឆ្លងកើនលើស៣៥ម៉ឺននាក់ ។
នេះបើយោងតាមទូរទស្សន៍ CNN ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ដោយដកស្រង់តាមរបាយការណ៍របស់សកលវិទ្យាល័យ Johns Hopkins ដែលជាអ្នកតាមដានជាប់ជានិច្ចលើស្ថានការណ៍នៃវីរុសកូរ៉ូណាថ្មី (COVID-19) ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។

តាមរបាយការណ៍របស់សកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា បន្ទាប់ពីមានករណីស្លាប់ថ្មីចំនួន៧៥៥នាក់បន្ថែមទៀត បានធ្វើឲ្យចំនួនស្លាប់នៅសហរដ្ឋអាមេរិក ដោយសារកូវីដ ដល់ចំនួន១០៣៣៥នាក់នេះ។

ចំណែកនៅប្រទេសបារាំង វិញក៏មានករណីស្លាប់ថ្មីៗបន្ថែមទៀតច្រើនផងដែរ ដោយក្នុងរយៈពេល២៤ម៉ោងមានករណីស្លាប់ដោយសារកូវីដ១៩ រហូតដល់៨៣៣នាក់ ធ្វើឲ្យចំនួនតួលេខស្លាប់កើនដល់ ៨៩១១នាក់ ខណៈការឆ្លងជំងឺនេះបានកើនដល់ជិត១០ម៉ឺនករណី៕