ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលបានសរសេរ និងបង្ហោះរូបភាពតាមបណ្តាញសង្គម ដោយយកជើងជាន់លើប្រាក់រៀលនោះ ត្រូវ កម្លាំងនគរបាលស្រុកព្រៃនប់ ចាប់វាយខ្នោះបានហើយ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ។

ការចាប់ខ្លួននេះ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តសៀមរាប លេខ ៩៦/២០២០ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក កើត វណ្ណារ៉េត ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ឲ្យចូលខ្លួនទៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ជនជាប់ចោទឈ្មោះ អាត់ អេង ហៅ អាត់ សំអង ឬ សេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទបានបង្ហោះរូបភាពតាមបណ្តាញសង្គម ដោយយកជើងជាន់លើប្រាក់រៀល និងសរសេរជាខ្លឹមសារថា៖ខ្ញុំចង់និយាយថា ចុះបើខ្ញុំធ្វើបែបនេះ តើមានអ្នកណាហ៊ានធ្វើអីខ្ញុំ? ។

ជនជាប់ចោទត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕