រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់បានដកកាំភ្លើងបាញ់សំដៅរថយន្តអតីតប្រពន្ធចំនួន៤គ្រាប់ បណ្តាលឲ្យនាង ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែក កូនស្រីម្នាក់រងរបួសធ្ងន់ ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។

ករណីឃាតកម្មមន្ត្រីនគរបាលបាញ់សម្លាប់អតីតប្រពន្ធនេះ បានកើតឡើង កាលពីម៉ោងប្រមាណ៨ និង១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនដៃដល់ជាខ្មាន់កាំភ្លើង ត្រូវបានគេស្គាល់ថាឈ្មោះ ជា ចាន់បូរ៉ា ពាក់ស័ក្តិ៣ ជានគរបាលខណ្ឌសែនសុខ។

បុរសដែលជាអ្នកបើករថយន្តដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះ បានរៀបរាបប់ឲ្យដឹងថា នៅមុនកើតហេតុនៅ លោកបានបើករថយន្តដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះ ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសម្នាក់ជាអតីតស្វាមីរបស់ស្រ្តីរងគ្រោះជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់តែម្តង ចំណែកជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសាររបួសធ្ងន់ពេក ក៏បានស្លាប់តែម្តង ចំណែក កូនម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។នៅមន្ទីរគន្ធបុប្ផា។

ប្រភពផ្សេងមួយទៀត បានបង្ហើបថា ស្ត្រីរងគ្រោះ និងអតីតស្វាមី(ខ្មាន់កាំភ្លើង) បានលេងលះគ្នាមួយរយៈពេលមកហើយ តែយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារនេះទេ ប៉ុន្តែគេដាក់ការសន្និដ្ឋានជំហ៊ានដំបូងថាអាចផ្តើមសចេញពីភ្លើងប្រចណ្ឌ។

ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់ នាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕
សូមប្រិយមិត្តទស្សនាវីដេអូនៅកន្លែងកើតហេតុដូចខាងក្រោម៖