ប្រទេសថៃ៖ បុរសជនជាតិថៃម្នាក់​ ឈ្មោះ ស៊ូរ៉ាសាក់ អាយុ២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនគ្រឿងអលង្ការ មានទីលំនៅរស់នៅក្នុងស្រុកប្រាយ៉ាដាង ខេត្តសាមុតប្រាកានបានស្លាប់បាត់បង់ជីវិតដោយសារជំងឺរលាកសួតប្រភេទថ្មី Covid-19 ដែលនេះគឺជាករណីស្លាប់ដំបូងបំផុតនៅក្នុងស្រុកដែលបានរៀបរាប់ខាងលើ។ នេះបើយោងតាមការចុំផ្សាយរបស់ារព័ត៌មាន Kapook​  នៅថ្ងៃទី០៦​​ ខែមេសា ឆ្នាំ២០២០។

យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា   ដំបូងលោកស៊ូរ៉ាសាក់ សង្ស័យឆ្លងវីរុស Covid-19 ពីប្រពន្ធលោកដែលនាងមានអាយុ៣៣ឆ្នាំ បានឆ្លងពីអ្នកធ្វើការជាមួយគ្នា។ ជាមួយគ្នានេះដែរ ប្រពន្ធរបស់គាត់បានទៅជួបគ្រូពេទ្យដោយត្រួតពិនិត្យសុខភាពទៅរកឃើញថាជាជំងឺផ្ដាសាយធម្មតា ទើបគ្រូពេទ្យបានឲ្យថ្នាំហើយទៅផ្ទះសម្រាកជាធម្មតា។

លុះមកដល់ថ្ងៃទី២៧ ខែមីនា លោក ស៊ូរ៉ាសាក់ ចាប់ផ្ដើមមានអាការៈគ្រុនក្ដៅនិងហត់នឿយ ដោយគ្រូពេទ្យមានការសង្ស័យក៏បានសាកសួរពីការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ប៉ុន្តែលោកបានបដិសេធថាមិនបានទាក់ទងជាមួយអ្នកជំងឺណាម្នាក់ទេ។ ដូច្នេះហើយពេទ្យក៏ឲ្យថ្នាំហើយត្រលប់មកព្យាបាលនៅផ្ទះដូចធម្មតា។

ស្រាប់តែដល់ថ្ងៃទី០៤ ខែមេសា រោគសញ្ញាមិនមានភាពប្រសើរឡើងទេក្អក​ គ្រុនក្តៅ និងអាការៈហត់នឿយល្ហិតល្ហៃ នៅតែបន្តធ្វើទុក អុកស៊ីសែនឈាមនៅសល់តែ៥៥% ទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្រ្គោះរូបលោក ក៏ប៉ុន្តែទោះខិតខំយ៉ាងណាក៏នៅតែមិនអាចស្រោចស្រង់ជីវិតលោកមកវិញឡើយ ហើយទីបំផុតគាត់ក៏បានទទួលមរណភាពទៅ ហើយនាវេលាម៉ោង២១នឹង០០នាទី អាជ្ញាធរក៏បានយកសពរបស់លោកទៅបូជាភ្លាមៗ ព្រមទាំងអ្នកជំនាញធ្វើការសម្អាតនៅបរិវេណជុំវិញវត្តផងដែរ។

បច្ចុប្បន្ននេះប្រពន្ធរបស់គាត់ត្រូវបានខាងអាជ្ញាធរខេត្តរៀបចំដាក់ឲ្យរស់នៅដាច់ដោយឡែកដោយពេលនេះនាងកំពុងនៅក្នុងស្ថានភាពតាមដានសុខភាព ៕