រាជធានី​ភ្នំពេញ ៖ ក្រុម​វេជ្ជបណ្ឌិត​ចិន ចំនួន​៧​នាក់ ដែល​បាន​មក​ប្រទេស​កម្ពុជា ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នោះ លោក​វេជ្ជបណ្ឌិត​ជំនាញ​ម្នាក់ បាន​ផ្តល់​យោបល់​ថា ខែមេសា​នេះ​ជា​ពេល​ដែល​ប្រទេស​កម្ពុជា​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ដូច្នេះ​គឺជា​ដំណាក់កាល​សំខាន់​បំផុត សម្រាប់​ទប់ទល់​នឹង​មេរោគ​ដ៏​សាហាវ​នេះ ។

វេជ្ជបណ្ឌិត​ចិន​លោក Ai Xiang និយាយ​ថា សម្រាប់​កម្ពុជា ខែមេសា​នេះ គឺ​ដំណាក់កាល​សំខាន់​តែ​ម្តង សម្រាប់​ទប់ទល់​នឹង​មេរោគ​ដ៏​សាហាវ​នេះ ព្រោះថា បើ​យើង​ធ្វេសប្រហែស និង​យល់​ឃើញ​ថា បើ​មាន​អ្នក​ឆ្លង ក៏​មិនសូវ​ច្រើន​ទេ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន ហើយ​ចង់​ឆ្លៀតឱកាស​ចូល​ឆ្នាំ​ថ្មី ជួបជុំ​ជាមួយ​មិត្តភក្តិ បងប្អូន ញាតិសន្តាន ក្រុម​គ្រួសារ​នោះ នឹង​មាន​ហានិភ័យ​ធំ​ណាស់ សម្រាប់​ឆ្លង​មេរោគ ជា​លក្ខណៈ​សហគមន៍ តែ​ម្តង ។

វេជ្ជបណ្ឌិត Ai Xiang និយាយ​បន្ត​ថា បើ​មានការ​ឆ្លង​មេរោគ​ជា​លក្ខណៈ​សហគមន៍​មែន​នោះ ចំនួន​មនុស្ស​ឆ្លង​នឹង​ផ្ទុះ​យ៉ាង​លឿន ហេតុ​ដូច្នេះ​សង្ឃឹមថា ប្រជាជន​ខ្មែរ​គ្រប់​រូប គួរតែ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ជា​ចំបង ។ សូម​យក​ប្រទេស​ចិន ជា​ឧទាហរណ៍ ពេល​មេរោគ​កូ​វិ​ដ​១៩ បាន​ផ្ទុះ​ឡើង គឺ​ចំ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ចិន ។

វេជ្ជបណ្ឌិត​ជំនាញ និង​មានបទពិសោធន៍​ស្រាប់ លោក​បាន​បញ្ជាក់​ថា សង្ឃឹមថា​ប្រជាជន​ខ្មែរ ក៏​អាច​ទ្រាំ​នៅផ្ទះ ក្នុង​បុណ្យចូលឆ្នាំ​ថ្មី​នេះ ។ យើង​នៅផ្ទះ​អត់​ជួបជុំ​គ្នា តែ​លើក​នេះ ការពារ​អាយុជីវិត​យើង ចាំ​ផុត​គ្រា​លំបាក​នេះ យើង​ពិតជា​នឹង​មានឱកាស​សប្បាយ​រីករាយ​ច្រើន ។ យើង​អត់​ជួបជុំ​គ្នា​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​ការពារ​ខ្លួន​ផង ការពារ​ក្រុម​គ្រួសារ​ផង ការពារ​អ្នក​ផ្សេង​ផង រហូត​ដល់​ការពារ​ប្រជាជន​ខ្មែរ​ទាំងអស់​តែ​ម្តង ៕