ការងារ​ជុំវិញ​ពិភពលោក​បាត់បង់​១០​ភាគរយ​ហើយ កំពុង​បាត់​បន្តបន្ទាប់​រាល់ថ្ងៃ មនុស្ស​ជិត​បួន​ពាន់​លាន​នាក់​កំពុង​បង្ខាំង​ជាប់​ក្នុងផ្ទះ កត្តា​ទាំងនេះ​ហើយ នាំ​ឲ្យកម្មវិធី​ស្បៀងអាហារ​ពិភពលោក World Food Program  បាន​ព្រមាន​ថា ភាព​អត់ឃ្លាន​អាច​ធ្ងន់ធ្ងរ​ជាង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ទៅ​ទៀត ។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ គឺជា​សាខា​ជំនួយ​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​ និង​អង្គការ​មនុស្សធម៌​ធំ​បំផុត​របស់​ពិភពលោក ​ដែល​ដោះស្រាយ​ភាព​អត់ឃ្លាន ​និង​លើកកម្ពស់​សន្តិសុខ​ស្បៀង ​។

មន្ត្រីជាន់ខ្ពស់ នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា W.F.P តែងតែ​ប្រឹង​ដោះស្រាយ​ការ​ផ្គត់ផ្គង់ ពេល​គ្រោះ​រាំង​ស្ងួត ឬ​វិបត្តិ​សេដ្ឋកិច្ច ប៉ុន្តែ​ពេល​នេះ ជំងឺ​រាតត្បាត​អាច​គំរាមកំហែង ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ សម្រាប់​មនុស្ស​រាប់រយ​លាន​នាក់ ដែល​ភាគច្រើន​កំពុង​រស់នៅ​ក្នុង​ទ្វីបអាហ្វ្រិក ។

លោក Arif Husain សេដ្ឋវិទូ ​នៅ​ឯ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​ព្រមាន​ថា វិបត្តិ​នេះ​ធំ សូ​ម្បី​តែ​រំពឹង​ទុក​ក៏​លំបាក ។

នៅ​ក្នុង​របាយការណ៍​ថ្មី នៅ​ថ្ងៃនេះ អង្គការ​ជំនួយ​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​ថា សម្រាប់​ប្រទេស​ក្រីក្រ​ជា​ច្រើន ផលវិបាក​សេដ្ឋកិច្ច នឹង​កាន់តែ​ធ្ងន់ធ្ងរ ជាង​ការ​ឆ្លង​ជំងឺ​នេះ​ទៅ​ទៀត ។ មនុស្ស​ជា​ច្រើន​ចាប់ផ្តើម​គ្មាន​អ្វី​ហូប​ទៅ​ហើយ ។

ទោះបី​ទ្វីបអាហ្វ្រិក ដែល​នឹង​ជួប​ការ​ខ្វះ​ស្បៀង​ជាងគេ​ក៏​ដោយ ក៏​អ្នកជំនាញ​ផ្នែក​ធនធានមនុស្ស​ជឿជាក់​ថា នៅ​ទី​ដទៃ​ទៀត ការងារ​កាន់តែ​ច្រើន​ថែម​ឡើង​នឹង​ត្រូវ​បាត់បង់​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​អត្រា​គ្មាន​ការងារ​ធ្វើ​មាន​ជិត​១០% គ្រាន់តែ​ពិភពលោក​ចាប់ផ្តើម​ចលាចល​នៃ​ជំងឺ​រាតត្បាត ៕