ខេត្តសៀមរាប៖ ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី បានឃាត់ខ្លួន មន្រ្តីយោធាម្នាក់ឈឺចាប់និងប្រពន្ធដែលលួចមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង បានយកសាំងចាក់ដុតប្រពន្ធ ហើយនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ទទួលជនសង្ស័យនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ដើម្បីចាត់ការបន្ត។

ជនសង្ស័យមានឈ្មោះ តាត គង់ ហៅ រើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្រ្តីយោធា អង្គភាពវរៈសេនាតូចការពារអាកាស នៃកងពលធំអន្តរាគមន៍លេខ២ ទីលំនៅបច្ចុប្បន្នភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី។ ចំណែកស្រ្តីជាប្រពន្ធឈ្មោះជា សាវី អាយុ៣៧ឆ្នាំ។

មុនពេលកើតហេតុ បុរសជាប្តីដឹងថាប្រពន្ធលួចមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង ក៍បានយកសាំងចាក់ដុតប្រពន្ធ ខណៈកំពុងដេកក្នុងអង្រឹងបណ្តាលឱ្យរងរបួសធ្ងន់ ហើយជនសង្ស័យជាប្ដីក៍ត្រូវភ្លើងឆាបឆេះខ្លះដែរ ។ ជនរងគ្រោះជាប្រពន្ធត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ តែដោយរបួសមានសភាពធ្ងន់ធ្ងរពេក ក៍បានបាត់បង់ជីវិតទៅ។

ក្រោយពេលកើតហេតុ ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី បានឃាត់ខ្លួន ប្រគល់ឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕