ខេត្តព្រះសីហនុ៖ នេន១អង្គបានយកចងអង្រឹងជាមួយជើងរូបចម្លាក់គេណេស ដើម្បីសឹងថ្ងៃ តែអកុសល រូបចម្លាក់កេន្ននោះសង្កត់ពីលើ បណ្តាលឲ្យសុគតយ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅក្នុងវត្តឥន្ទញ្ញាណ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
សង្ឃរងគ្រោះព្រះនាម ឆោម ផល្លា ព្រះជន្ម១៣វស្សា គង់នៅវត្តកើតហេតុ និងមានស្រុកកំណើត ភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្រោយកើតហតុ សមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ ចុះមកពិនិត្យកោសល្យវិច័យសង្ឃរងគ្រោះ រួចបញ្ជាក់ថា សង្ឃរងគ្រោះពិតជាសុគត ដោយសាររូបចម្លាក់កេន្នសង្កត់មែនមិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។

ព្រះគ្រូចៅអធិការវត្តឥន្ទញ្ញាណ សង្ឃដីកាបញ្ជាក់ថា សពព្រះសង្ឃរងគ្រោះ បានដឹកតាមរថយន្តខាងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ យកទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងខេត្តកំពង់ចាម តាមសំណូមពរពីញាតិសាច់ញាតិ៕