រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងប៉ុស្តិ៍បឹងព្រលិតនៃខណ្ឌ៧មករា បានចុះធ្វើការនាំខ្លួនឈ្មោះ សេង ឌី ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាម្ចាស់ផេកឈ្មោះ “អូខេ បោះដុំគ្រឿងក្មេងលេង” ដោយសារតែផេកខាងលើនេះ បានបង្ហោះដាក់លក់វ៉ែនតាការពារវីរុសកូវីដ១៩ កាលពីពេលថ្មីៗនេះ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ូក។

ហេតុការណ៍ឃាត់ខ្លួនម្ចាស់ផេកខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទីរសៀល នៅទីលំនៅផ្ទះលេខ១៩០៩ ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីបានសារភាពទទួលស្គាល់កំហុសរួច សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងឲ្យធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យម្ចាស់ផេកខាងលើត្រលប់ទៅកាន់លំនៅស្ថានវិញផងដែរ ៕