ខេត្តរតនគិរី ៖ ទីបំផុត នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្នលោកសម្បត្តិ កុសលចិត្ត អធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី ក្រោយពីលោកសម្បត្តិ កុសលចិត្ត បានដកកាំភ្លើងខ្លីបាញ់គំរាមកូនចៅប្រមាណ១០គ្រាប់។
លោកសម្បត្តិ កុសលចិត្ត ត្រូវបង្ហាញខ្លួនរាល់ម៉ោងការងារនៅការិយាល័យបុគ្គលិកស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីរង់ចាំសេចក្តីសម្រេចជាថ្មី ដោយប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ត្រីផុស រឹម អធិការរង ទទួលការងារសេនាធិការ ដឹកនាំការងារជំនួស រហូតការស្រាវជ្រាវត្រូវបានបញ្ជាប់។

សូមបញ្ជាក់ថា លោកសម្បត្តិ កុសលចិត្ត អធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី បានដកកាំភ្លើងខ្លីបាញ់គំរាមកូនចៅ ប្រមាណ១០គ្រាប់ ដើម្បីសម្ញែងអំណាចថាខ្លួនឯងអស្ចារ្យណាស់ តែត្រូវមន្ត្រីនគរបាលក្រោមឱវាទចំនួន១៩នាក់ ទ្រាំនឹងទង្វើទំនើងរបស់អធិការរូបនះមិនបាន ក៏នាំគ្នាផ្តិតមេដៃប្តឹងទៅថ្នាក់លើ សុំដកចេញពីតំណែង។
លោកឧត្តមសេនីយ៍ត្រី ហ្វង ប៊ុនថាណម ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ថា ករណីផ្ទុះអាវុធខ្លីម៉ាកឡុកគំរាមកូនចៅនេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។

មន្ត្រីនគរបាលស្រុកតាវែង ទាំង១៩នាក់ នាំគ្នាផ្តិតមេដៃប្តឹងមកលោកស្នងការនគរបាលខេត្ត ឲ្យជួយរកយុត្តិធ៌ម ដោយបានដូចរៀបរាប់ខាងក្រោម៖ ទី១- គាត់(លោកសម្បត្តិ កុសលចិត្ត ) អួតក្អេងក្អាងថា គាត់មានខ្នងធំគ្មានអ្នកណាធ្វើអីគាត់បានទេ។ ទី២- គាត់ថាមកកាន់អធិការនេះ គឺអស់លុយចំនួន៥ទៅ៦ម៉ឺនដុល្លារ។ ទី៣-មើលងាយ និងជេរថា ពួកអាប៉ូលិសអាចម៍ក្តរមិនចេះយកលុយពីអ្នករកស៊ី ដឹកគ្រាប់ស្វាយចន្ទី ដឹកបន្លែ ផ្លែឈើ ត្រីសាច់ជាដើម និងគំរាមយើងខ្ញុំឲ្យដោះសំលៀកបំពាក់ឯកសណ្ឋានចេញ។ ទី៤-គំរាមផ្លាស់ប្តូរ និងដកចេញយើងខ្ញុំពីក្របខណ្ឌគ្រប់ពេលវេលាដោយគ្មានមូលហេតុ។ ទី៥-ប្រើអំពើហិង្សាទាត់មន្ត្រីម្នាក់ និងស្រាយអង្រឹងទាំងយប់គ្មានមូលហេតុ ។ទី៦- អនុវត្តលើសពីច្បាប់នៃវិន័យកងកម្លាំងលេខ០៦ នៃនគរបាលជាតិ។ ទី៧-នៅពេលមានកម្មវិធីនៅអង្គភាពមិនមានសហការទំនាក់ទំនងគ្មានសាមគ្គីភាព និងឲ្យតម្លៃអធិការរងទេ ពិសេសពេលភ្ញៀវមកហូបចុកអធិការរង និងមន្ត្រីមិនឲ្យនៅក្បែរទេ។ ទី៨-ប្រជាពលរដ្ឋដឹកបង្គោលរបង និងឈើធ្វើផ្ទះបន្តិចបន្តួច បញ្ជាឲ្យចាប់យកមកប៉ុស្តិ៍ឲ្យបង់លុយសិន ទើបរួចខ្លួន។ទី៩-ប្រជាពលរដ្ឋកំពុងតែមានចិត្តថ្នាំងថ្នាក់ជាមួយយើងខ្ញុំ ដែលជាកូនចៅអនុវត្តបទបញ្ជារបស់គាត់ និងពិសេសប៉ះពាល់ដល់នយោបាយ សតិអារម្មណ៍របស់គាត់នៅពេលបោះឆ្នោតពេលខាងមុខ។ ទី១០-លុយបានមកពីកៀបប្រជាពលរដ្ឋ និងពីបទល្មើសនានាគាត់យកទៅចាយវាយប្រើប្រាស់តែម្នាក់ឯងគ្មានតម្លាភាព សូម្បីតែអធិការរងណាម្នាក់កុំថាឡើយ មន្ត្រីក៏មិនឲ្យដឹងផង និងនៅពេលយាមល្បាតមិនមានទិញសូម្បីទឹកសុទ្ធគាត់ប្រើកម្លាំងរកលុយឲ្យតែបុគ្គលគាត់តែប៉ុណ្ណោះ។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» នៅមិនទាន់សុំការបកស្រាយពីលោកវរសេនីយ៍ទោ សម្បត្តិ កុសល បានទេ តែយ៉ាងណាយើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕