ខេត្តកណ្តាល៖ ព្រះសង្ឃ៣អង្គបាននាំគ្នាទៅដោតទង់ជាតិនៅខ្លោងទ្វារវត្ត ហើយពេលនោះ មានព្រះសង្ឃ១អង្គបានឡើងលើខ្លោងទ្វារដើម្បីដោតទង់ជាតិ តែអកុសល ប៉ះនឹងខ្សែភ្លើង បណ្តាលឲ្យធ្លាក់មកដីសុគតមួយរំពេច។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២ នៅចំណុចខ្លោងទ្វារផ្លូវចូលវត្តពោធិ៍អណ្តែត ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ។
ព្រះសង្ឃរងគ្រោះព្រះនាម លី សុខឃីម ព្រះជន្ម២៨វស្សា គង់នៅវត្តពោធិ៍អណ្តែត ក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ព្រះសង្ឃ ព្រះនាម លី សុខឃីម និងព្រះសង្ឃចំនួន៣អង្គទៀតបាននាំគ្នាមកដោតទងជាតិ នៅលើខ្លោងទ្វារវត្តពោធិ៍អណ្តែត ហើយព្រះសង្ឃរងគ្រោះបានយកទង់ជាតិមួយដើមធ្វើពីដែកឡើងទៅលើកំពូលខ្លោងទ្វារកម្ពស់៩ម៉ែត្រ ដើម្បីដោត ពេលនោះដងទង់ជាតិដែលធ្វើពីដែកបានប៉ះជាមួយខ្សែភ្លើង បណ្តាលឲ្យឆក់រួចធ្លាក់ចុះមកក្រោម បណ្តាលឲ្យបែកមុខ បាក់ធ្មេញអស់៣ និងសុគតនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះដល់កន្លែងកើតហេតុ សហការជាមួយកំលាំងជំនាញពិនិត្យហេតុស្រុក និងគ្រូពេទ្យក្រុមប្រឹក្សាឃុំមេភូមិ ធ្វើការពិនិត្យ សាកសព ឃើញថាពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីហើយធ្លាក់មកលើផ្លូវកៅស៊ូពិតមែន។ ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារ និងគណៈកម្មវត្តពោធិ៍អណ្តែត ចាត់ចែងររៀបធំបុណ្យតាមប្រពៃណី៕