ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារមួយបានទិញស្រាមកអង្គុយព័ទ្ធជល់កែវគ្នាយ៉ាងសប្បាយរីកថ្លើមប្រមាត់ មិនខ្វល់រឿងជំពាក់អ្នកណាមួយរៀល ។ លុះពេលសុរាចូលខ្លួនស្រវឹងធ្លាក់ភ្នែក ស្រាប់តែទាស់ពាក្យសម្តីគ្នា ហើយពេលនោះបុរសជាបងបានទាញកៅអីវាយប្អូនថ្លៃស្រី បណ្តាលឲ្យសន្លប់ស្តូក ។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៧និង២៥នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។

សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ជុយ ស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ(របួសក)ដួលសន្លប់។ ចំណែក ជនសង្ស័យមានចំនួន៣នាក់ ទី១.ឈ្មោះ សួង លីន ភេទប្រុស អាយុ៣៤ឆ្នាំ (ជនដៃដល់) នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។ ទី២.ឈ្មោះ សួង ឡូត ភេទប្រុស អាយុ៤៧ឆ្នាំ និងទី៣.ឈ្មោះ ជិន វ៉ាចាន់ ភេទប្រុស អាយុ៣០ ឆ្នាំ ទាំង០៣នាក់ស្នាក់នៅភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់រួមទាំងប្រពន្ធមកជាមួយផង បានមកផឹកស៊ីនៅផ្ទះរបស់ឈ្មោះ សួង លីន (ជនសង្ស័យ) ផ្ទះក្បែរគ្នា ស្រាប់តែមានទាស់ពាក្យសម្តីគ្នា រវាងក្រុមជនសង្ស័យ និងប្ដីជនរងគ្រោះ ពេលនោះជនសង្ស័យបានយកកៅអីគប់ទៅត្រូវចំក ជនរងគ្រោះបណ្ដាលរបួសដួលសន្លប់ស្តូកតែម្តង។

ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានប្ដីយកទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ រីឯជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចបានឃាត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕