ភ្នំពេញ៖ ការឈ្លោះប្រកែកហែកហួរគ្នាកាន់តែធ្ងន់ធ្ងរទៅៗរវាងតារាសម្តែងព្រីម មន្ថា និងតារាចម្រៀងជើងចាស់ សំ ប៉ូលីដា ដោយសារសំ ប៉ូលីដា រងការចោទថាបានលួចកាបូបម៉ាកល្បីមួយរបស់អ្នកនាងព្រីម មន្ថា នោះ បានធ្វើឲ្យក្តៅក្រហាយដល់ព្រះឥន្ទ ពិសេសសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញអន្តរាគមន៍ស្នើឲ្យសិល្បករសិល្បការិនី ឈប់ជេរគ្នាតាមហ្វេសប៊ុកទៀត។

ក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២២ និងពិធីសំណេះសំណាលពិសាអាហារសាមគ្គី រវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករ សិល្បការិនី ក្រោមប្រធានបទ យុវវជនដើម្បីវប្បធម៌ជាតិ ដែលរៀបចំនៅកោះពេជ្រ កាលពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើសុំឲ្យសិល្បករសិល្បៈការិនី ២ចំណុច គឺទី១. កុំបង្ហាញភាពស៊ិចស៊ីហួសហេតុពេក និងទី២. កុំឈ្លោះគ្នាជេរគ្នាតាមហ្វេសប៊ុក។ សម្តេចហ៊ុន សែន បញ្ជាក់ថាការបង្ហាញភាពសិចស៊ីជ្រុលពេក នាំឲ្យប៉ះពាល់ដល់ដល់តម្លៃវប្បធម៌និងបង្ហាញពីកេរ្ដិ៍ខ្មាស ពិសេសគឺតារាស្រីៗតែម្ដង។

ចំណែកការឈ្លោះគ្នាតាមហ្វេសប៊ុក សម្តេចថា វាមិនសមទាល់តែសោះសម្រាប់សិល្បករសិល្បៈការិនី ព្រោះពួកគេជាមនុស្សរបស់មហាជន ជាបុគ្គលសាធារណៈ ហេតុនេះហើយ សម្តេចសុំអង្វករសូមកុំឲ្យសិល្បករទាំងអស់ឈ្លោះគ្នាតាមហ្វេសប៊ុកទៀត ហើយបើមានរឿងអី គួររកដំណោះស្រាយនិយាយគ្នាតាមទូរស័ព្ទ ឬជួបគ្នាផ្ទាល់តែម្ដងទៅ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១ ខែមេសា តារាកំប្លែងមាត់ឆៅ អ្នកនាង សំប៉ូលីដា liveវីដេអូរយៈពេលជិត១ម៉ោងព្រលះអតីតមិត្តរួមអាជីពម្នាក់ដែលនាងមិនបានបញ្ចេញឈ្មោះចំៗនោះ ដែលបានចោទថានាងលួចកាបូបដៃដែលមានតម្លៃ៦០០ដុល្លារ។ ប៉ុន្តែអ្នកនាង សំប៉ូ លីដា បានបដិសេធទាំងស្រុង ហើយបានបន្តជេរប្រមាថចំៗឈ្មោះទៅគូជម្លោះទៀតផង៕